អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ ចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ០៩គ្រួសារ

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ លោក ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ រួមដំណើដោយសមាជិក សមាជិកាអនុសាខាស្រុក និងមានការចូលរួមសហការ ពីរអាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាលសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនបងប្អូនក្រុមគ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន០៩គ្រួសារ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

មានប្រសាសន៍ក្នុងឱកាសនេះដែរ លោក ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ដែង នូវការសោកស្តាយ ជាពន់ពេក ចំពោះបងប្អូន ដែលបានរងគ្រោះនូវឧបទ្ទេវហេតុ ដោយខ្យល់កន្ត្រាក់ ដែលបណ្ដាលឲ្យខូចខាត រលំផ្ទះ និង របើកដំបូលធ្ងន់ធ្ងរ ដូច្នោះក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មិនទុក ឲ្យបងប្អូនប្រជាពលរដ្ឋរងការលំបាក ក្នុងគ្រោះមហន្តរាយណាមួយ ដែលបានកើតឡើង ក្នុងមូលដ្ឋាន របស់ប្រជាពលរដ្ឋឡើយ ដូចពាក្យស្លោកលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល ហើយចំពោះខេត្តប៉ៃលិនយើងគឺមានលោកស្រី បាន ស្រីមុំ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៍តែងតែដឹកនាំក្រុមការងារ ចុះជាប្រចាំ រួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ យើងផងដែរ ។

លោក ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ ក៍បានមានប្រសាសន៍ អំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវរស់នៅមានអនាម័យ ជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅ ហើយប្រសិនបើមានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ព្រមទាំងដាក់ខ្លួននៅដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ហើយបើមានអាការៈសង្ស័យណាមួយត្រូវប្រញាប់មកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកលេខ ១១៥ផងដែរ។
សូមរំលឹកថា៖ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្តាលឱ្យលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ចំនួន ០៩គ្រួសារ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយប៉ើងដំបូលនិងខ្លះលិចទឹកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds