អាជ្ញាធរខេត្តព្រះសីហនុ និងក្រសួងទេសចរណ៍ ដាក់វិធានការថ្មីក្នុងការគ្រប់គ្រងឆ្នេរខ្សាច់ និងត្រៀមរៀបចំបុណ្យសមុទ្រ
(ព្រះសីហនុ) ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារគ្រប់គ្រងឆ្នេរខ្សាច់ និងការត្រៀមរៀបចំបុណ្យ សមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុបានចូលរួមផងដែរ។
លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ មានប្រសាសន៍ថា តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៥៩សសរ ស្តីពីបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ ដែលខេត្តព្រះសីហនុមានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ដែលរដ្ឋបាលខេត្តបានជ្រើសរើសយកទីតាំងរង្វង់មូលព្រះថោង នាងនាគ ដែលមានទីតាំងស្ថិតនៅផ្លូវប្រសព្វរវាងមហាវិថីរាម និងមហាវិថីជំទាវម៉ៅ ស្ថិតនៅឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើជាកន្លែងរៀបចំពិធីព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលមានរៀបចំ ពិពណ៌ពាណិជ្ជកម្ម និងផលិតផលខ្មែរ ដើម្បីបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុ។ ដូច្នេះកងកម្លាំងសមត្ថកិច្ចត្រូវចុះសិក្សាទីតាំងការពារសន្តិសុខ សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងឱកាសបុណ្យសមុទ្រ ហើយមន្ទីរ អង្គភាពពាក់ព័ន្ធត្រៀមរៀបចំប្រពន្ធទឹក ភ្លើង ដើម្បីឱ្យពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅដោយរលូន នាពេលខាងមុខនេះ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំខាងលើដោយគូសបញ្ជាក់ថា ឆ្នាំ២០២០នេះខេត្តព្រះសីហនុ បានធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ យើងបានរៀបចំគណៈកម្មការ អន្តរក្រសួង ដើម្បីរៀបចំបុណ្យសមុទ្រនៅចុងខែធ្នូខាងមុខ ។
លោករដ្ឋមន្ត្រីក្រសួងទេសចរមានប្រសាសន៍ ឲ្យដឹងផងដែរថា យើងមានព្រឹត្តិការណ៍២ដូចខាងក្រោមនេះ ៖ ទី១-យើងត្រូវរៀបចំបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ តាមការគ្រោងទុក។ ទី២-រៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននៅខេត្តសៀមរាប នៅដើមឆ្នាំ២០២១។ នៅក្នុងកម្មវិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ មានជម្រើស២, ទី១-ធ្វើផ្ទៃក្នុង, ទី២-ធ្វើជាលក្ខណៈបើកទូលាយមានការចូលរួមពីបណ្តាប្រទេសនានា ដែលរង់ចាំការសម្រេចពី ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ព្រោះពិភពលោកកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-១៩។ លោករដ្ឋមន្ត្រីបានបន្តថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងមមាញឹក មានផ្លូវចំនួន៣៤ខ្សែ និងឆ្នេរខ្សាច់ជាង៩គីឡូម៉ែត្រ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស មានការកោតសរសើរអបអរសាទរ ដែលជាស្នាដៃកូនខ្មែរ ជាអ្នកគូរប្លង់ និងសាងសង់ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់នៅក្នុងឱកាស សម្តេចអមដំណើរដោយប្រតិភូក្រសួងពាក់ព័ន្ធបានអញ្ជើញចុះត្រួតពិនិត្យគុណភាពផ្លូវទាំង៣៤ខ្សែនាពេលកន្លងមក និងបានបញ្ជាក់ថា (ខ្មែរធ្វើបាន) ហើយសមិទ្ធផលទាំងនេះ ឆ្លើយតបទៅនឹងការ អភិវឌ្ឍន៍ របស់ខេត្តព្រះសីហនុ ជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ច បច្ចុប្បន្នភ្ញៀវក្នុងស្រុកមាន ប្រមាណ ៦០ម៉ឺននាក់ក្នុងមួយខែ កាលមិនទាន់មាន Covid-១៩ ភ្ញៀវក្នុងស្រុកមានជាង ១លាននាក់ ក្នុងមួយខែ៕