ក្រសួងកសិកម្ម ៖ ប្រជាកសិករអាចនាំគ្នាដាំពូជស្វាយកែវរមៀតដែលមានស្តង់ដា ព្រោះមានការនាំចេញទៅក្រៅប្រទេស
(ភ្នំពេញ) ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅពេលខាងមុខនេះ នាយកដ្ឋានជំនាញនឹងដាក់ឲ្យដំណើរឲ្យប្រជាពលរដ្ឋដាំស្វាយកែវរមៀតមួយ ដែលមានស្តង់ដាតែមួយសម្រាប់នាំចេញទៅក្រៅប្រទេស ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មានព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រីលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋាន កសិកម្ម ៖ «នាយកដ្ឋានជំនាញខាងក្រសួងកសិកម្មនឹងប្រកាសឲ្យកសិករដាំស្វាយកែវរមៀតមួយដែលមានពណ៌ដូចរមៀត ឬជាពណ៌មាស ឲ្យមានស្តង់ដាដែលអាចនាំទៅក្រៅប្រទេស» ។សម្រាប់ការត្រៀមនាំផ្លែស្វាយទៅប្រទេសចិន លោក ងិន ឆាយ ក៏បានលើកឡើងថា ក្រសួងនឹងធ្វើការពង្រឹងការបណ្តុះបណ្តាលការផលិតផ្លែស្វាយនៅក្នុងប្រទេសកម្ពុជា ពិសេសប្រជាកសិករដែលមានបំណងនាំចេញឲ្យបានច្បាស់លាស់ ស្របតាមភូគាមអនាម័យ និងបច្ចេកទេសសម្រាប់តម្រូវការទីផ្សាប្រទេសចិន ។ ជាងនេះត្រូវតែសំរិតសំរាំងពូជស្វាយទាំងនោះឲ្យមានស្តង់ដាដែលអាចនាំទៅទីផ្សារបាន ។ លោកបញ្ជាក់ថា ៖«យើងនឹងសំរិតសំរាំងពូជស្វាយ ដែលត្រូវ ឬឆ្លើយតបនឹងទីផ្សាររបស់ប្រទេសចិន ឬប្រទេសដទៃទៀត ។ ព្រោះថា យើងត្រូវធ្វើការបញ្ជ្រៀបពីទីផ្សារមក វិញទើបត្រូវ ដោយសារកម្ពុជានៅក្នុងទស្សវត្សន៍៧០ ឬ៨០ កម្ពុជាមានគោលការណ៍ការផលិតផលត្រូវធ្វើយ៉ាងណា ឲ្យបរិមាណច្រើន ឬហូបគ្រប់សិន ។ផ្ទុយទៅវិញពេលនេះយើងធ្វើការសិក្សាច្បាស់លាស់ថា ពូជណាដែលទីផ្សារអន្តរជាតិត្រូវការ» ។ លោកបន្តថា ជាក់ស្តែងពេលថ្មីៗកន្លងមកនេះយើងបានបញ្ចេញពូជស្រូវឈ្មោះ«សែនក្រអូប»បានល្បីនៅលើទីផ្សារអន្តរជាតិ ។ ហើយពេលបន្តិចទៀតនេះស្វាយ ព្រោះស្វាយកែវរមៀតមានច្រើន អីញ្ចឹងនាយករដ្ឋានមួយរបស់យើងកំពុងរៀបចំសំរិតសំរាំងដោយយកស្វាយកែវរមៀតមួយដែលមានសាច់ដូចពណ៌មាស ដើម្បីសំរិតសំរាំងហើយឲ្យប្រជាពលរដ្ឋដាំតម្រង់ទៅរកពូជនឹង» ។
លោកបញ្ជាក់ថា ៖«អីញ្ចឹងអគ្គនាយកដ្ឋានកសិកម្មត្រៀមបច្ចេកទេសពូជសំខាន់ឆ្លើយតបនឹងទីផ្សារ ទាំងបច្ចេកទេសប្រកបដោយក្រមសីលវិជ្ជាជីវៈកុំនិយាយថា ឲ្យតែមានដូច នោះទេ» ។ លោកបន្ថែមថា ការធ្វើបែបនេះ ដើម្បីឲ្យផ្លែស្វាយរបស់កម្ពុជាទទួលបានការកោតសរសើរពីអន្តរជាតិទាំងគុណភាព បច្ចេកទេស និងពូជល្អ ។ លោកបាន ប្តេជ្ញាយ៉ាងដូច្នេះថា៖«ត្រូវតែធ្វើឲ្យកម្ពុជាក្លាយជាដីកសិកម្មមួយដែលគ្រាន់តែគេលឺថា ផលិតផលនាំពីប្រទេសកម្ពុជា គេលើកមេដាយគាំទ្រចង់បាន ។ យើងត្រូវមានគុណភាពល្អ មានសុវត្ថិភាព ហើយបរិភោពទៅឆ្ងាញ់ ។ កម្ពុជាយើងល្បីច្រើនដូចជា ម្រេច អង្ករ ចេក ស្វាយ មៀន ជាដើម»៕