លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ចុះបង្រៀនគណិតវិទ្យាតាមអនឡាញដោយផ្ទាល់នៅខេត្តព្រៃវែង
(ព្រៃវែង) ៖ ដើម្បីជំរុញការសិក្សារបស់សិស្សានុសិស្ស តាមអនឡាញឲ្យសកម្មឡើង នៅថ្ងៃ១៧
មិថុនានេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះទៅបង្រៀនមុខវិទ្យាគណិត ដោយផ្ទាល់នៅវិទ្យាល័យព្រះអង្គឌួង ក្នុងខេត្តព្រៃវែង។
ជាការបង្រៀនតាមអនឡាញ លោករដ្ឋមន្ត្រី បានបានដាស់តឿនសិស្សានុសិស្ស ថ្នាក់ទី១២ ដែលជាឆ្នាំត្រូវប្រឡងបាក់ឌុបឲ្យខិតខំរៀនសូត្រមុខវិជ្ជាគណិតវិទ្យាឲ្យបានខ្លាំងឡើង។ លោករដ្ឋមន្ត្រីលើកឡើងថាដើម្បីរៀនគណិតវិទ្យាឲ្យពូកែត្រូវធ្វើលំហាត់ឲ្យច្រើន ហើយរៀនមូលដ្ឋានគ្រឹះគណិតវិទ្យាតាំងពីថ្នាក់ទី១០មក។ លោកថាបើគ្រឹះពីថ្នាក់ទី១០មិនមាំ ថ្នាក់ទី១២ក៏មិនមាំដែរ។លោកហង់ជួន ណារ៉ុន បាននាំណែសិស្សានុសិស្សថា «ចង់ពូកែគណិតវិទ្យា ត្រូវចេះឲ្យច្បាស់ពីមូលដ្ឋានគ្រឹះរូបមន្តគណិតវិទ្យាដូចជា អាំងតេក្រា ដេលីវេ អនុគមន៍» ។ នៅចំពោះមុខសិស្សានុសិស្ស តាមអនឡាញ លោករដ្ឋមន្ត្រីដែលពាក់អាវស បានសួរសិស្សថាតើចង់បានពិន្ទុគណវិទ្យាពេញទេ? បន្ទាប់ពីសួរ លោករដ្ឋមន្ត្រីនិយាយថា បើចង់បានពិន្ទុពេញត្រូវខំរៀនឲ្យខ្លាំងឡើង។ «ដើម្បីបានពន្ទុពេញខាងគណិតវិទ្យា ទាល់តែខំឲ្យខ្លាំង កសាងមូលដ្ឋានគ្រឹះខាងក្រោមឲ្យមាំ។ យ៉ាងយោចណាស់គ្រឹះចាប់ពីថ្នាក់១០ ទី១០មក។ បើរៀនពីថ្នាក់ទី១០ ទី១១មកមិនមាំទេ ថ្នាក់ទី១២ក៍មិនខ្លាំងដែរ» ។
នៅពេលបិទសាលារៀនទូទាំងប្រទេសតាំងពីពាក់កណ្តាលខែមករា ដើមឆ្នាំមក ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ក្រសួងអប់រំ យុវជននិងកីឡា បានបង្កើតឲ្យមានការសិក្សាពីចម្ងាយ។ ជាការសិក្សា តាមបណ្តាញអនឡាញ និងតាមទូរទស្សន៍។ លោកគ្រូ ហ៊ិន សុភាព ដែលជាគ្រួបង្រៀនម្នាក់នៅវិទ្យាល័យពេជ្រចិន្ដា ខេត្តបាត់ដំបង ថាការចុះបង្រៀនផ្ទាល់របស់លោករដ្ឋមន្ត្រីក្រសួងអប់រំពេលនេះ ជាសារសំខាន់មួយ ក្នុងការដាស់ស្មារតីសិស្សានុសិស្សឲ្យខំរៀន នៅពេលសិស្សានុសិស្ស បានឃ្លាតឆ្ងាយពីសាលាអស់រយៈពេលច្រើនខែមកហើយនោះ។លោកគ្រូហ៊ិន សុភាព ថាវិទ្យាល័យពេជ្រចិន្តា មិនខុសពីសាលាដទៃនៅទូទាំងប្រទេសនោះទេ គឺអនុវត្តការសិក្សាពីចម្ងាយនៅក្នុងសម័យកូវីដ១៩នេះ។ លោកថាគ្រូបង្រៀនតាមថ្នាក់នីមួយៗ បានបង្កើតក្រុមសិស្សក្នុងបណ្តាញសង្គមហើយធ្វើការបង្រៀន ទៅតាមពេលវេលាមួយដែលបានកំណត់។ ក្រៅពីនោះ សាលាបានថតចម្លងមេរៀន ចែកឲ្យសិស្សយកទៅសិក្សានៅផ្ទះផងដែរ។លោកគ្រូបាននិយាយថា «សាលាបានចាត់ឲ្យមានគ្រូប្រចាំការដើម្បីផ្តល់ឯកសារដល់សិស្សានុវត្តយកទៅរៀននៅផ្ទះ ក្រៅពីការរៀនតាមអនឡាញ និងការសិក្សាតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា នោះ» ។ លោក ហ៊ិន សុភាព បានបញ្ជាក់ថា ទោះជាមានការសិក្សាពីចម្ងាយក្តី សិស្សានុសិស្សនិងមាតាបិតាសិស្សចង់ឲ្យសាលារៀនបើកឡើងវិញ ក្នុងពេលឆាប់ៗនេះ ៕