តារាច្រៀង ម៉េង កែវពេជ្ជតា ឆ្លើយតបវិញខ្លាំងៗចំពោះពាក្យបណ្តឹងលោកជំទាវ ហ៊ុន ស៊ីណាត
(ភ្នំពេញ)៖ កាលពីព្រឹកមិញនេះពាក្យបណ្តឹងមួយច្បាប់បានចូលទៅដល់សាលាដំបូងរាជធានីភ្នំពេញ ដោយលោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការប្តឹងតារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា ពីបទបរិហាកេរ្តិជាសាធារណៈ និងញុះញង់អោយមានការរើសអើង ហើយប្តឹងទាមទារសំណងទៅតាមផ្លូវច្បាប់ដែលបានកំនត់ថែមទៀតផង។ ដោយមុននេះបន្តិចមិនរង់ចាំយូរ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានធ្វើការឆ្លើយតបនូវបណ្តឹងរបស់លោកជំទាវ ហ៊ុន ស៊ីណាត វិញថា៖“ក្មួយពិតជាមានកិត្តិយសណាស់ ដែលមីងធ្វេីបែបនេះ អរគុណមីង ។ ការពិត តាំងពីដំបូងខ្ញុំមិនដែលបានយកឈ្មោះគាត់មកនិយាយសូម្បីបន្តិចទោះបីដឹងថាគាត់ធ្លាប់គិតខុសមកលេីខ្ញុំក៏ដោយ ព្រោះខ្ញុំនៅផ្តល់កិត្តិយសអោយគាត់ និងពិសេសមិនចង់អោយឈ្មោះគាត់នេះ ទៅប៉ះពាល់ដល់ចាស់ទុំសាច់ញាតិល្អៗផ្សេងទៀតដែលលោកមិនពាក់ព័ន្ធ ។ ប៉ុន្តែបែរជាគាត់លោតកញ្ឆេងបែបនេះទៅវិញ ។ តេីគាត់សំអាងអ្វីមកប្តឹងផ្តល់ ? ត្រឹមហេតុផលប៉ុណ្ណេះឬ ? តេីសមនឹងប្តឹងដែរទេ ? សូមមេីលសំណៅដេីមរបស់ខ្ញុំ ដែលភ្ជាប់មកជាមួយខាងក្រោមនេះ ។
សូមបញ្ជាក់ថា ខ្ញុំចាប់បានភស្តុតាងដែលយាយ ហង្ស បូរី និងនាងប្រធានសមាគមសិល្បៈមានទំនាក់ទំនងល្អជាមួយនឹងអារាជបុត្រអាសូរ្យកាយ និងបានខ្ចីដៃអាសូរ្យកាយនេះមកជេរបញ្ចោរខ្ញុំយ៉ាងកប់ៗមាត់ជំនួសពួកគេវិញ ហេីយគេចាំសេីច និងចូលទៅគាំទ្រយ៉ាងពេញចិត្ត ។ ឈ្មោះរាជបុត្រអាសូរ្យកាយម្នាក់នេះធ្លាប់បានជេរប្រមាថថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំល្អៗដទៃទៀតជាច្រេីនយ៉ាងអសុរសដាច់សាច់ គ្មានកន្លែងណាអាចទទួលយកបាន តែបែរជាយាយហង្ស បូរី និងនាងប្រធានសមាគមសិល្បៈរូបនេះមានភាពស្និទ្ធស្នាលនឹងគ្នាចាក់ទឹកមិនលិចទៅវិញ តេីមិនអោយខ្ញុំឆ្ងល់ទេឬ ? សូមបងប្អូនពិចារណា តេីត្រង់ណាដែលខ្ញុំចោទអ្នកមីងសុីណាត ? តេីខ្ញុំចោទគាត់ឬខ្ញុំសួរ ? តេីខ្ញុំចោទគាត់ ឬគាត់រេីសដាក់ខ្លួនខ្លួនឯង ? តេីគាត់ធ្វេីនេះព្រោះចង់ប្រាប់ថាគាត់អាចធ្វេីបាបនរណាក៏បាន ? គាត់កំពុងធ្វេីអោយសង្គមដែលមានភាពស្ងប់សុខ ក្លាយទៅជាចលាចលដោយសារគាត់មែនទេ ?
មិនអីទេខ្ញុំនឹងទៅបំភ្លឺ ខ្ញុំមិនខ្លាចទេ ព្រោះការពិតនៅនឹងខ្ញុំ ប៉ុន្តែខ្ញុំសូមប្រកាសថាពេជ្ជតានឹងការពារកិត្តិយសខ្លួនអោយបានទោះទៅដល់ណា ហេីយគ្មានហេតុផលអ្វីដែលពេជ្ជតាត្រូវទទួលទោសដ៏អយុត្តិធម៌បែបនេះជាដាច់ខាត ! សូមអរគុណសម្រាប់ក្តីស្រលាញ់ និងបារម្ភអំពីបងប្អូូនទស្សនិកជន សូមបងប្អូនរក្សាចិត្តសិន ខ្ញុំជឿជាក់ថា អំណាចមិនមែនជាកត្តាជោគជ័យក្នុងប្រទេសដែលប្រេីច្បាប់នេះទេ ខ្ញុំជឿថាយុត្តិធម៌ត្រូវតែមានសម្រាប់ខ្ញុំ ! ! !”៕