សាច់ជ្រូកចាប់ផ្តើមឡើងថ្លៃទៀតហើយនៅលើទីផ្សារ
(ភ្នំពេញ) ៖ នៅក្នុងដំណាក់កាលនៃកូវីដ ១៩ ជះឥទ្ធិពលដល់សេដ្ឋកិច្ច និងវិស័យ នានាក្នុងប្រទេសកម្ពុជាតម្លៃជ្រូករស់លក់លើទីផ្សារនៃប្រទេសកម្ពុជា បានហក់ឡើងថ្លៃ ខ្ពស់មិនធ្លាប់មាន ដែលធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុកសប្បាយរីករាយ ប៉ុន្តែធ្វើឱ្យ អ្នកបរិភោគ មួយចំនួនបែរជាមិនសប្បាយចិត្តដោយសារតែសាច់ជ្រូកលក់លើទីផ្សារក៏បានឡើងថ្លៃខ្ពស់ផងដែរ ។
យោងតាមសេចក្តីប្រកាសរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅនេះបានឱ្យដឹងថា ចាប់តាំងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចាប់ផ្ដើមអនុវត្តន៍កាត់បន្ថយ ចំនួននាំចូលជ្រូកពីបរទេសធ្វើឱ្យកសិករ និងក្រុមហ៊ុនចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹម ជ្រូកមានសន្ទុះកើនឡើងខ្ពស់ឡើងវិញ ។ ប្រការនេះធ្វើឱ្យផលិតផលដែលកសិករចិញ្ចឹម សត្វ ក្រុមហ៊ុនចិញ្ចឹមសត្វ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អាចប្រកួតប្រជែងទីផ្សារបាន បង្កើតការងារជូនប្រជាជន និងកាត់បន្ថយការចំណាកស្រុកទៅក្រៅប្រទេសជាដើម ។ ទន្ទឹមនឹងនេះដែរតម្លៃជ្រូករស់នាពេលបច្ចុប្បន្ននេះមានតម្លៃចាប់ពី ១៣.២០០រៀល ក្នុង មួយគីឡូក្រាមទៅ ១៤.២០០រៀលក្នុងមួយគីឡូក្រាម ។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ដើម្បីអនុវត្តន៍តាមអនុសាសន៍ណែនាំ របស់ថ្នាក់ដឹកនាំ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កុំឱ្យតម្លៃជ្រូករស់ខ្ពស់ពេក ធ្វើ ឱ្យប៉ះពាល់ដល់អ្នកបរិភោគ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នឹងខិតខំរិះរកមធ្យោបាយ ធ្វើ យ៉ាងណាឱ្យតម្លៃជ្រូករស់មកនៅត្រឹម ១២.០០០រៀលក្នុងមួយគីឡូក្រាម ចាប់ពីសប្ដាហ៍ទី ៣ នៃខែមិថុនាតទៅ ពោលគឺចាប់ពីថ្ងៃទី ១៥ មិថុនា ។ បើតាមលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងផងដែរ ថា សមាគមកំណត់តម្លៃជ្រូកត្រឹម ១២០០០រៀលក្នុងមួយគីឡូក្រាមនេះ ដោយសារតែប្រ ជាពលរដ្ឋដែលធ្លាប់ចិញ្ចឹមជ្រូកខាតក៏បានចំណេញមកវិញខ្លះៗហើយ ដូច្នេះការកំណត់ នេះ គឺដើម្បីទប់ស្កាត់កុំឱ្យឡើងហួសហេតុ ទុកលទ្ធភាពឱ្យអ្នកបរិភោគនូវតម្លៃសមស្រប ដែលអាចទទួលបានទាំងអ្នកលក់ និងអ្នកបរិភោគ និងអ្នកចិញ្ចឹមផងដែរ ។ លោកបន្តថា តាមពិតទៅបើធៀបនឹងប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ ឃើញថា ជ្រូករស់ក្នុងប្រទេសកម្ពុជានៅមានតម្លៃទាបជាងវៀតណាមទៅទៀត ដោយនៅ វៀតណាមពេលនេះវាមានតម្លៃដល់ទៅ ១៧០០០រៀលក្នុងមួយគីឡូក្រាម ក៏ប៉ុន្តែសម្រាប់ ទីផ្សារជ្រូករស់កម្ពុជា មិនអាចរត់តាមវៀតណាមបានទេ ដូច្នេះ ត្រូវមានវិធានការណាមួយ ដើម្បីទប់ស្កាត់ការឡើងថ្លៃហួសហេតុ ។
លោកបន្ថែមទៀតថា ជំហានបន្ទាប់របស់សមាគម បន្ទាប់ពីបញ្ចុះតម្លៃជ្រូករស់ ហើយនោះ សមាគមនឹងចុះពិនិត្យតាមផ្សារ ទៅលើអាជីវករលក់សាច់ជ្រូកនៅតាមផ្សារ ថាតើបានបញ្ចុះតម្លៃទៅតាមតម្លៃជ្រូករស់ហើយ ឬនៅ ដើម្បីឱ្យអ្នកទិញបរិភោគសប្បាយ ចិត្តទាំងអស់គ្នា នៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេស កម្ពុជា និងពិភពលោកទាំងមូល ។យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លងមកក៏បានឱ្យដឹង ផងដែរថា ក្រសួងបានដកអាជ្ញាប័ណ្ណដល់អ្នកនាំចូលជ្រូកមួយចំនួនរួចហើយ បន្ទាប់ពីក្រុម ហ៊ុនទាំងនោះ មិនអនុវត្តន៍ទៅតាមកិច្ចសន្យា ហើយក្រសួងក៏នឹងបន្តដកអាជ្ញាប័ណ្ណបន្ថែម ទៀតចំពោះក្រុមហ៊ុនណាដែលល្មើសនឹងកិច្ចសន្យា ។ ការធ្វើដូច្នេះ ដើម្បីជំរុញផលិតកម្ម ក្នុងស្រុកបន្ថែម ទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺកាត់បន្ថយការនាំចូលបង្កើន ការផលិតក្នុងស្រុក ៕