លោក ពេជ្រ ស្រស់ បានដាក់០២សំណួរទៅកាន់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាក់ទងទៅនឹងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅក្នុងប្រទេសកម្ពុជា
(ភ្នំពេញ)៖នៅក្នុងកិច្ចប្រជុំរវាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ជាមួយនឹងប្រតិភូនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានចោទជាសំណួរចំនួន០២ ទៅកាន់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងសំណេររបស់លោក ពេជ្រ ស្រស់ នៅលើគណនីហ្វេសប៊ុករបស់លោកបានសរសេរថា
«ដីសម្បទាន ៩៩ឆ្នាំ ឬ ៥០ឆ្នាំ ?» លោកសរសេរបន្តថា នៅក្នុងកិច្ចប្រជុំជួបជាមួយនឹងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន គឺ ខ្ញុំបានសួរសំនួរមួយចំនួនជូនទៅ
ឯកឧត្តមដូចខាងក្រោមនេះ៖ ១. តើដីសម្បទានសេដ្ឋកិច្ចចាត់ទុកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដែរឬទេ? ២. តើដីសម្បទានសេដ្ឋកិច្ច ដែលបានជួលឲ្យ ក្រុមហ៊ុន ឯកជនកន្លងទៅមានរយៈពេល៩៩ឆ្នាំ
អាចកាត់មក ៥០ ឆ្នាំ បានទេ?
ឆ្លើយតបទៅនឹងប្រធានគណបក្សយុវជនកម្ពុជានោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ឆ្លើយតបថា ១. ដីដែលធ្វើសម្បទានសេដ្ឋកិច្ច ឲ្យក្រុមហ៊ុនឯកជនគឺចាត់ទុក ជាដីឯកជនរបស់រដ្ឋតែម្តង ។ ២. ដីឯកជនរបស់រដ្ឋដែលបានធ្វើសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជនកន្លងមកមានរយៈពេល ៩៩ឆ្នាំ ខ្លះ ៩០ឆ្នាំ រីឯខ្លះ ទៀត ៧០ឆ្នាំនោះ គឺដាច់ខាតត្រូវកាត់រយៈពេលមកត្រឹម៥០ឆ្នាំវិញ ហើយបច្ចុប្បន្នភាពមានក្រុមហ៊ុនឯកជនបានជួលដីពីរដ្ឋមានចំនួន ២៣១ ក្រុមហ៊ុន
លើផ្ទៃដី១លាន១០ម៉ឺនហិកតាចំពោះក្រុមហ៊ុនជួលដីពីរដ្ឋ២៣១ក្រុមហ៊ុននោះគឺខាងក្រសួងបានពិនិត្យសើររើមើលនូវរយៈពេលនៃការជួលដីបានចំ
នួន៦៤ក្រុមហ៊ុនហើយ ដើម្បីកាត់បន្ថយនូវរយៈពេលជួលដីលើសពី៩៩ឆ្នាំមកត្រឹមតែ៥០
ឆ្នាំវិញឲ្យស្របតាមច្បាប់ចែង។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ការជួលដីពីរដ្ឋកន្លង
មកគឺមានតម្លៃ៥ដុល្លារ១ហិកតា ហើយរដ្ឋយកថ្លៃឈ្នួលតែលើដីណាដែលក្រុមហ៊ុនបាន
ឈូសឆាយព្រៃស្អាត ក៏ ប៉ុន្តែឥឡូវនេះ គឺ រដ្ឋាភិបាល បានកំណត់ឲ្យ ក្រុមហ៊ុន ឯកជន
ដែលបានជួលដីពីរដ្ឋ ត្រូវតែបង់ថ្លៃឈ្នួលដីតាមទំហំដីដែលខ្លួនបានជួលពីរដ្ឋដោយមិនគិតថាឈូសឆាយដីស្អាតឬមិនស្អាតនោះទេ ដើម្បីធានា
បានប្រាក់ចំណូលចូលរដ្ឋ និងធានាបានការអភិវឌ្ឍជាក់ស្តែងលើដី ដែលរដ្ឋបានជួលឲ្យទៅក្រុមហ៊ុនឯកជន ហើយបើរដ្ឋចុះពិនិត្យជាក់ស្តែងលើដីដែលក្រុមហ៊ុនបានជួលពីរដ្ឋឃើញមិនមានសកម្មភាព អភិវឌ្ឃន៍ទេ គឺរដ្ឋនឹងរំលាយកិច្ចសន្យាជួលដីពីរដ្ឋនោះចោលតែម្តងហើយក្រុមហ៊ុនមួយមានសិទ្ធជួលដីពីរដ្ឋ គឺ មិនឲ្យលើសពី ១ម៉ឺនហិកតានោះឡើយ៕