ភ្នំពេញគ្រោងសង់ស្ពានអាកាសថ្មើរជើង ២៥ទៀត ខណៈពេលនេះ មាន ៥ទីតាំងហើយ
(ភ្នំពេញ) ៖ ដោយសារកំណើនរបស់ប្រជាពលរដ្ឋ រស់នៅក្នងក្រុងភ្នំពេញ ចេះតែកើនឡើងរហូតដល់ប្រមាណជាង៣លាន និងតម្រូវការទៅតាមការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនា ស្ពានអាកាសថ្មើរជើងចំនួន២៥ ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នមានស្ពានអាកាសថ្មើរជើងមានចំនួន៥ទីតាំងហើយ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់បែបនេះ នៅពេលដែលលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យការរដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ខណៈស្ពាននេះ ស្ថាបនាបានប្រមាណជា៩៥% និងគ្រោងបញ្ចប់ទាំងស្រុងនៅរយ:ពេល៣សប្ដាហ៍ទៀត ។
លោក ឃួង ស្រេង មានប្រសាសន៍ថា សម្រាប់ភ្នំពេញរបស់យើង មកដល់ពេលនេះ ទាំងអ្នកស្នាក់អាស្រ័យ ទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍ មានចំនួនប្រមាណជាងបីលាននាក់ ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញយើង ធ្វើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាំងការកសាងផ្លូវ លូ ជាមួយនឹងការកសាងស្ពានអាកាសក្រោមដី លើដី និងស្ពានអាកាសថ្មើជើងជាដើម ដើម្បីរំដោះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ។ ជាក់ស្ដែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងស្ថាបនាស្ពានអាកាសថ្មើរ ពីរកន្លែងបន្ថែមទៀត នោះគឺស្ពានអាកាសថ្មើរជើងផ្សារដើមគរ និងស្ពានអាកាសថ្មើរជើង នៅស្តុបសន្ធរម៉ុក ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ភ្នំពេញពិតជាមានការអភិវឌ្ឍយ៉ាងលឿន ជាក់ស្ដែងបើតាមការសិក្សា អង្គការចៃកា បានបង្ហាញថា ស្ពានលីយ៉ុងផាត់ ឬស្ពានព្រែកព្នៅ នឹងស្ថាបនាឡើងរួចរាល់នៅឆ្នាំ២០២០ ប៉ុន្តែវាមិនដូច្នោះទេ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ពាន លី យ៉ុងផាត់ ហៅស្ពានព្រែកព្នៅ ស្ថាបនាបានរួចរាល់តាំងពីឆ្នាំ២០១០មកម្លេះ មានន័យថា យើងបានអភិវឌ្ឍលឿន មុន១០ឆ្នាំ ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន Space media Co,Ltd ថា គិតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរនេះ បានសម្រេចលទ្ធផលប្រមាណជា ៩៥ភាគរយហើយ ពោលគឺនៅសល់តែ ការក្រាលកំរាលថ្មើជើង ការសម្អាត ការតុបតែង ការតភ្លើង និងការលាបថ្នាំជាដើម ហើយការងារនេះ នឹងបញ្ចប់នៅ៣សប្តាហ៍ទៀត ។ មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៥កន្លែងហើយ គឺស្ពានអាកាសថ្មើរជើងនៅតំបន់សាលាជម្ពូវន្ត័ចំនួន២ រង្វង់មូលនាងគង្ហីងមួយ នៅជិតសាលាសន្ធរម៉ុក មួយ និងស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរ ដែលគ្រោងដាក់អោយដំណើរការឆាប់ៗនេះ ៕