ទីក្រុងប៉េកាំងរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៣៦នាក់ទៀត

(ប៉េកាំង)៖ ទីក្រុងប៉េកាំងនៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញ អ្នកជំងឺ COVID-19 ចំនួន ៣៦ករណីថ្មី ដែលសុទ្ធសឹងតែជាករណីឆ្លងនៅក្នុងរដ្ឋធានីនេះផ្ទាល់ ខណៈផ្នែកមួយចំនួននៅតែបន្តបិទ ដើម្បីតាមដានរកអ្នកឆ្លង COVID-19 ដែលអាចនឹងកើនឡើងច្រើនជាងនេះទៀត ក្រោយការផ្ទុះករណីឆ្លងក្នុងផ្សារលក់បន្លែ ដ៏ធំមួយកាលពីសប្តាហ៍មុន។ នេះបើតាមប្រភពពីគណៈកម្មការជាតិសុខាភិបាលចិន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។

គណៈកម្មការជាតិសុខាភិបាលចិនបានឱ្យដឹងទៀតថា បូកបន្ថែមតួលេខកាលពីថ្ងៃអាទិត្យម្សិលមិញ ទីក្រុងប៉េកាំងពេលនេះមានករណីឆ្លង COVID-19 សរុប ៤៩៩ករណី ក្នុងនោះ ៤១១នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយឡើងវិញ និង ០៩នាក់បានស្លាប់ ខណៈអ្នកជំងឺ ៧៩នាក់ នៅតែបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ ហើយមកទល់នឹងពេលនេះទីក្រុងប៉េកាំង ក៏មានករណីនាំចូលចំនួន ១៧៤ករណីផងដែរ ក្នុងនោះនៅសល់តែម្នាក់ប៉ុណ្ណោះកំពុងបន្តសម្រាកព្យាបាល។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសចិនទាំងមូលបានរាយការណ៍ពីការរកឃើញ ករណីឆ្លជំងឺ COVID-19 ថ្មីៗរហូតដល់ទៅ ៤៩ករណីឯណោះ ដោយបូកបន្ថែមទាំងករណីឆ្លងនៅប៉េកាំង ធ្វើឲ្យចំនួនអ្នកឆ្លងជំងឺនេះសរុបកើនដល់ ៨៣,១៨១ករណី ក្នុងនោះស្លាប់សរុប ៤,៦៣៤នាក់ និងជាសះស្បើយឡើងវិញ ៧៨,៣៧០នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds