ថ្ងៃនេះជាខួប៥៨ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ


(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ជាខួប៥៨ឆ្នាំ (១៥ មិថុនា ២០២០-១៥ មិថុនា ១៩៦២) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ ពោលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។

ជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារបានចាប់ផ្ទុះឡើងខ្លាំង នៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង។ ថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធជាច្រើន ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។

សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហារ និងដេញកងកម្លាំងប្រដាប់អាវុធរបស់ថៃ ឱ្យចាកចេញពីប្រាសាទព្រះវិហារ។

ក្រោយពីដំណើរការតាមផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅថ្ងៃទី៦ តុលា ឆ្នាំ១៩៥៩ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទព្រះវិហារ។

នៅក្នុងការជំនុំជម្រះលើអង្គសេចក្ដីនោះ កម្ពុជា និងថៃ បានលើកបង្ហាញទឡ្ហីកររៀងៗខ្លួន ដើម្បីទាមទារជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។ កម្ពុជា បានលើកយកផែនទីដងរែក (ផែនទីឧបសម្ព័ន្ធទី១) ដែលជាផែនទីកើតចេញពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ មកធ្វើជាមូលដ្ឋានច្បាប់។ តាមរយៈបន្ទាត់ព្រំដែន នៅក្នុងផែនទីឧបសម្ព័ន្ធទី១នេះ បង្ហាញថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា។

រីឯថៃវិញ បានលើកឡើងនូវទឡ្ហីករណ៍មួយចំនួន ដើម្បីច្រានចោលខ្សែបន្ទាត់ព្រំដែន ក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលកម្ពុជាបានលើកឡើងនោះ។ ថៃបានលើកហេតុផលថា ខ្សែបន្ទាត់ព្រំដែននៅក្នុងផែនទីនេះ ខុសពីអ្វីដែលបានចែងក្នុងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤។ ថៃអះអាងថា យោងតាមមាត្រា ១ នៃសន្ធិសញ្ញានេះ សៀម និងបារាំង បានព្រមព្រៀងគ្នាថា ខ្សែបន្ទាត់ព្រំដែននៅតំបន់ដងរែក គឺត្រូវយកតាមខ្សែបែងចែកផ្លូវទឹក។ ភាគីថៃយល់ថា បើមើលទៅលើដីជាក់ស្តែង ខ្សែបែងចែកផ្លូវទឹក គឺស្ថិតនៅខាងត្បូងប្រាសាទព្រះវិហារ។ ដូច្នេះប្រាសាទព្រះវិហារត្រូវស្ថិតនៅក្នុងទឹកដីថៃ។

ទោះបីភាគីថៃ បានតវ៉ាយ៉ាងនេះក្តី ទីបំផុតទៅក្នុងសាលដីកាឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានច្រានចោលការលើកឡើងរបស់ភាគីថៃ។ បើតាមតុលការក្រុងឡាអេ មាត្រា១ នៃសន្ធិសញ្ញា ឆ្នាំ១៩០៤ បានចែងកំណត់យកខ្សែបែងចែកផ្លូវទឹកធ្វើជាព្រំដែនពិតមែន ក៏ប៉ុន្តែ នៅក្នុងមាត្រា៣ នៃសន្ធិសញ្ញាដដែលនេះ ចែងថា ការកំណត់ខ្សែបន្ទាត់ព្រំដែនពិតប្រាកដ នឹងត្រូវធ្វើឡើងដោយគណៈកម្មការចម្រុះបារាំង-សៀម។

បើនិយាយពីតំបន់ដងរែក ខ្សែបន្ទាត់ព្រំដែន ដែលកើតចេញពីការងាររបស់គណៈកម្មការចម្រុះបារាំង-សៀម គឺមានតែមួយគត់ គឺខ្សែបន្ទាត់ព្រំដែន នៅក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលកម្ពុជាបានលើកយកមកធ្វើជាសំអាង។ ដូច្នេះគេមិនចាំបាច់ស្វែងរកទីតាំងខ្សែបែងចែកផ្លូវទឹកអ្វីនោះទេ។

យោងតាមហេតុផលទាំងនេះ តុលាការទីក្រុងឡាអេ បានកំណត់ថា តំបន់ប្រាសាទព្រះវិហារ ព្រំដែនស្របច្បាប់រវាងកម្ពុជា និងថៃ គឺខ្សែបន្ទាត់ព្រំដែន ដែលមានគូសនៅលើផែនទីឧបសម្ព័ន្ធទី១។ តាមរយៈខ្សែបន្ទាត់ព្រំដែននេះ តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេបានសម្រេចសេចក្តីថា៖ ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា, ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា និងថៃត្រូវប្រគល់នូវរាល់វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤ មកឲ្យកម្ពុជាវិញ។

បើទោះបីតុលាការទីក្រុងឡាអេ បានសម្រេចបែបនេះ។ តែភាគីថៃ គោរពតែមួយចំណុចប៉ុណ្ណោះ គឺចំណុចទី១ ដែលកំណត់ថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា។

ដោយឡែកចំណុចទី២ ដែលតុលាការបង្គាប់ឲ្យថៃដកកងកម្លាំងចេញពីប្រាសាទ និងបរិវេណជុំវិញប្រាសាទក្នុងដែនដីកម្ពុជានោះ មិនត្រូវបានភាគីថៃអនុវត្តទេ។ សម្រាប់ថៃ អ្វីដែលតុលាការអន្ដរជាតិកាត់សេចក្ដីនោះ គឺតួប្រាសាទព្រះវិហារ។ ដោយឡែកបរិវេណជុំវិញប្រាសាទ ដែលមានទំហំ ៤.៦គីឡូម៉ែត្រការ៉េនោះ គឺជាកម្មសិទ្ធិរបស់ថៃ ហើយថៃមានសិទ្ធិដាក់កងកម្លាំងរបស់ខ្លួននៅទីនោះ។

ព្រោះតែប្រកាន់ជំហបែបនេះ នៅខែកក្កដា ឆ្នាំ២០០៨ ថៃបានលើកទ័ពចូលលុកលុយវត្តកែវសិក្ខាគិរីស្វារៈ ជាប់ប្រាសាទព្រះវិហារជាថ្មីម្ដងទៀត។ ការចេញមកប៉ុនប៉ងដណ្តើមទឹកដីនៅតំបន់ប្រាសាទព្រះវិហារនេះ បានកើតមានឡើង បន្ទាប់ពីប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិពិភពលោកនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨នោះ។

ជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើងម្ដងទៀតយ៉ាងស្រួចស្រាវឈានដល់ការផ្ទុះអាវុធដាក់គ្នា។ តួប្រាសាទព្រះវិហារជាច្រើន បានរងនូវអំបែងគ្រាប់របស់ទាហានថៃ។ បន្ទាប់ពីការស្វះស្វែងរកវិធីដើម្បីបញ្ចប់ជម្លោះទាំងយន្តការទ្វេភាគី និងយន្តការអាស៊ានមិនមានលទ្ធផលនោះ កម្ពុជាបានប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិទីក្រុងឡាអេជាថ្មី ឱ្យបកស្រាយសាលដីកាឆ្នាំ១៩៦២ឡើងវិញ។

ទីបំផុតទៅនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្ដរជាតិ បានបកស្រាយសាលដីកាឆ្នាំ១៩៦២ឡើងវិញ និងបានសម្រេចថា កម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ និងសម្រេចឱ្យភាគីថៃ ដកកងកម្លាំងប្រដាប់អាវុធ និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងយ៉ាងស្វិតស្វាញ និងអង់អាចជាទីបំផុតទាំងផ្នែកការទូត និងកម្លាំងប្រដាប់អាវុធ ដើម្បីការពារប្រាសាទ និងទឹកដីនៅជុំវិញនោះ។ សេចក្តីសម្រេចជាថ្មីរបស់តុលាការយុត្តិធម៌ទីក្រុងឡាអេ ជាការផ្តល់យុត្តិធម៌ និងជាជ័យជម្នះដ៏ធំធេងមួយសម្រាប់ជាតិកម្ពុជាទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open