ONE ចាប់ដៃ GAMMA ជំរុញអោយកីឡា MMA ចូលកីឡាអូឡាំពិក
ONE Championship បានប្រកាសពីកិច្ចសហការជាមួយសមាគមកីឡាយុទ្ធគុនចម្រុះពិភពលោក (MAMMA) ក្នុងការរៀបចំការប្រកួត និងជម្រុញកីឡា MMA ឲ្យឈានជើងចូលអូឡាំពិកនាពេលអនាគតដ៏ខ្លី។
លោក Chatri Sityodtong ប្រធាន និងជានាយកប្រតិបត្តិ ONE Champoinship បានបញ្ជាក់ថា៖ “ONE Championship មានកិត្តិយសសូមប្រកាសពីការសហការជាមួយ GAMMA ដែលជាស្ថាប័នឯករាជ្យសម្រាប់ MMA។ ក្នុងនាមជាអ្នកហាត់ក្បាច់គុនតាំងពីដើមរៀងមកនោះ ខ្លួនខ្ញុំផ្ទាល់បានវិនិយោគក្នុងការអភិវឌ្ឍកីឡាយុទ្ធគុនចម្រុះមិនទាន់អាជីព ដើម្បីធ្វើឲ្យប្រាកដថាពួកគេ មូលដ្ឋានគ្រឹះត្រឹមត្រូវ នឹងដើម្បីជួយឲ្យពួកគេក្លាយជាកីឡាករអាជីព”។
ចំណែកលោក Alexander Engelhardt ប្រធាន GAMMA ក៏បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “ក្នុងនាម GAMMA ខ្ញុំសូមអរគុណ ONE Championship ដែលបានគាំទ្រ និងប្ដេជ្ញាជួយកីឡា MMA។ ទាំង GAMMA និង ONE Championship សុទ្ធតែមានគោលបំណង នាំយកកីឡា MMA ដាក់ចូលក្នុងប្រភេទកីឡាអូឡាំពិ ក”។
ក្នុងកិច្ចសហការនេះ ONE Championship នឹងជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ GAMMA ដើម្បីធ្វើឲ្យអូឡាំពិក ទទួលស្គាល់ប្រភេទកីឡា MMA។ បន្ថែមលើនេះ ONE ក៏នឹងធ្វើការជាមួយ GAMMA ដើម្បីអភិវឌ្ឍ និងផ្សព្វផ្សាយពីស្ដង់ដាសុវត្ថិភាពរបស់ MMA ច្បាប់ប្រឆាំងសារធាតុញៀនក្នុងកីឡា ក៏ដូចជាច្បាប់នៃការប្រកួត MMA ដើម្បីឲ្យកីឡាករ MMA មិនទាន់អាជីព អាចអនុវត្តជាប្រចាំថ្ងៃបាន។
GAMMA គឺជាអង្គការមិនគិតប្រាក់ចំណេញ បង្កើតឡើងកាលពីឆ្នា២០១៨ ដែលមានសមាជិកជាសហព័ន្ធកីឡា MMA ពីជាង ៦០ប្រទេសក្នុងលោក។
អត្ថបទ៖ ពេជ្រ គឹមស្រ៊ិន