ប្រសើរណាស់!! អ្នកនិពន្ធ និងអ្នកច្រៀងបទ «កណ្តៀវអូនស្រួយ» ទទួលស្គាល់កំហុស ហើយធ្វើកិច្ចសន្យាឈប់និពន្ធបទចម្រៀងប្រើប្រាស់ពាក្យអសុរស

(ភ្នំពេញ)៖ បន្ទាប់ពីក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅអ្នកនិពន្ធ និងម្ចាស់បទចម្រៀង «កណ្តៀវអូនស្រួយ» មកប្រជុំជាបន្ទាន់ និងធ្វើការព្រមាននៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះរួចមក រហូតមកទល់នឹងពេលនេះ គឺទទួលបានលទ្ធផលជាផ្លែផ្កាហើយ ដោយទាំងអ្នកនិពន្ធ និងអ្នកចម្រៀង ព្រមទទួលស្គាល់កំហុសរបស់ខ្លួន និងសន្យាថា នឹងប្រើប្រាស់ចំណេះដឹងឲ្យមានសីលធម៌ និងជាប្រយោជន៍ដល់សង្គម ឈប់និពន្ធបទដែលបង្កប់ន័យ អសុរសបែបនេះទៀតហើយ។

លោក ចំរើន វ៉ាន់ថា ទីប្រឹក្សាអមក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដែលដឹកនាំកិច្ចប្រជុំកាលពីព្រឹកមិញផ្ទាល់ បានថ្លែងប្រាប់ ថា «កិច្ចប្រជុំនេះ គឺទទួលបានលទ្ធផលគួរជាទីពេញចិត្ត ដោយសារម្ចាស់បទ និងអ្នកនិពន្ធ បានទទួលស្គាល់រាល់កំហុសឆ្គង តាមរយៈការធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរមួយថា នឹងមិនធ្វើអ្វីដែលប្រាសចាកពីក្រមសីលធម៌តទៅទៀតទេ ហើយនឹងប្រែក្លាយរាល់ដំណេះដឹង ឲ្យទៅជាលក្ខណៈវិជ្ជមានដល់សង្គមជាតិ តបតាមការណែនាំរបស់ក្រសួង»។

យ៉ាណាមិញនៅក្នុងកិច្ចសន្យានោះ មានខ្លឹមសារទាំង ថា «ខ្ញុំបាទឈ្មោះ អ៉ិច ចន្ថា កើតថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៨១ ជាអ្នកនិពន្ធបទចម្រៀង ដែលមាន ចំណងជើងថា ( កណ្តៀវអូនស្រួយ ) និងបទ ( ស្រណោះអង្រែ) ជាបទចម្រៀង ដែលប្រើពាក្យពេចន៍ អសុរស ធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម ដែលធ្វើឲ្យមហាជនមានការមិនពេញចិត្ត និងបណ្ដាលឲ្យប៉ះ ពាល់ដល់តម្លៃសីលធម៌សង្គម។ ខ្ញុំបាទ អ៉ិច ចន្តា សូមធ្វើការសុំទោសជាសាធារណៈ ដល់មហាជន និងសូមសន្យាថា មិនតែងនិពន្ធបទចម្រៀងដែលបង្កឲ្យមានការប៉ះពាល់ ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ។ ខ្ញុំនឹងធ្វើការចុះបញ្ជីផលិតកម្មឲ្យបានត្រឹមត្រូវ តាមច្បាប់ និងយកទេពកោសល្យដែលខ្ញុំមាន មក ប្រើប្រាស់ក្នុងផ្លូវវិជ្ជមាន ដើម្បីជួយលើកស្ទួយតម្លៃសិល្បៈវប្បធម៌ជាតិ»

គួររំឭកថា កាលពីថ្ងៃទី០៩ ខែមិថុនា ម្សិលមិញមហាជនខ្មែរ និងអ្នកលេងបណ្តាញសង្គមផ្ទុះប្រតិកម្មគ្រប់គ្នា បន្ទាប់ពីមានចម្រៀងមួយបទចំណងជើងថា «កណ្តៀវអូនស្រួយ» ត្រូវបានបញ្ចេញ ព្រោះបទនេះ មានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់វប្បធម៌ខ្មែរ។ ទាំងចំណងជើង និង Melody ទាំងស្រុងក្នុងចម្រៀងមួយបទនេះ គឺបានបង្កប់អត្ថន័យ វិលទៅវិលមក ទៅណាមិនឆ្ងាញពីរឿងអាសអាភាសឡើយ។ ការចេញចម្រៀង «កណ្តៀវអូនស្រួយ» នេះត្រូវបានគេដឹងថា មានរយៈពេលត្រឹមតែជាង១ខែប៉ុណ្ណោះ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំឲ្យទប់ស្កាត់ការចែករំលែក ឬផ្សព្វផ្សាយវីដេអូ សំឡេង និងចម្រៀងដែលប៉ះពាល់ដល់តម្លៃវប្បធម៌ខ្មែរ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds