តារាចម្រៀងស្រី មាស សុខសោភា ប្រកាសចាកចេញពីផលិតកម្មថោន

(សិល្បកម្សាន្ត)៖ តារាចម្រៀងសម្លេងស្រទន់ កញ្ញា មាស សុខសោភា បានប្រកាសថាកញ្ញាត្រូវចាកចេញពីផលិតកម្មថោន ដែលជាទ្រនំដែលនាងបានធ្លាប់ជ្រកកោនជិត១០ឆ្នាំមកហើយ។ តារាចម្រៀងវ័យ៣៦ឆ្នាំរូបនេះបានសរសេរសារបង្ហោះនៅលើហ្វេសប៊ុកផេករបស់ខ្លួនយ៉ាងដូច្នេះថា៖ «ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។ អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច»។ 

ជាមួយនឹងការប្រកាសនេះផងដែរមានអ្នកគាំទ្រជាច្រើនបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ដោយនាងមិនបានបញ្ជាក់ថានាងនឹងចេញទៅធ្វើជាតារាចម្រៀងនៅក្នុងផលិតកម្មថ្មីផ្សេងទៀតឬក៏យ៉ាងណា។ ទោះជាយ៉ាងណាក្រៅពីច្រៀងតាមបណ្តាផលិតកម្មផ្សេងៗ មាស សុខសោភា ក៏មានផលិតកម្មផ្ទាល់ខ្លួនមួយផ្សេងទៀតដែលមានឈ្មោះថា Camtrax Music ដែលផលិតតែបទចម្រៀងនិពន្ធថ្មីសុទ្ធសាធ។ 

សូមរំលឹកថា មាស សុខសោភា បានប្រឡូកចូលក្នុងវិស័យសិល្បៈនៅឆ្នាំ២០០៤ និងបានចូលច្រៀងនៅក្នុងផលិតកម្មថោន នៅឆ្នាំ២០១០ រហូតមកដល់ឆ្នាំ២០២០ បទចម្រៀងដែលតារាស្រីរូបនេះល្បីនៅពេលចូលថោនដំបូងគឺបទ «I am sorry» និង «សូមពេលឈឺ ចាប់មួយគ្រា» ជាដើម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds