លោកយាយ និងចៅរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ទទួលបានអំណោយហើយ

(កំពង់ឆ្នាំង) ៖ លោកយាយ ខឹម យ៉ុង អាយុ៧៦ឆ្នាំ រស់នៅជាមួយចៅស្រី ក្នុងភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដែលបានរងគ្រោះដោយគ្រោះអគ្គីភ័យឆេះផ្ទះអស់១ខ្នងកាលពីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ បានទទួលអំណោយពីអាជ្ញាធរ សប្បុរជន និងថ្នាក់ដឹកនាំជាបន្តបន្ទាប់ ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លោក យិន សាវេន អភិបាលក្រុងកំពង់ឆ្នាំងបានដឹកនាំមន្ត្រីរាជការចុះសាកសួរសុខទុក្ខនិងផ្តល់អំណោយ ជូនលោករងគ្រោះ ដែលក្នុងមាន អង្ករ៥០គីឡូក្រាម មី១កេស សៀងដប១យួរ ទឹកស៊ីអុីវ១យួរ ឃីត០១កញ្ចប់ ថវិកា ២០ម៉ឺនរៀល និងស័ង្កសីចំនួន៣០សន្លឹក ជាអំណោយរបស់លោក ប៊ុន ម៉េង អាជីវករក្រុងកំពង់ឆ្នាំង។ ព្រឹកថ្ងៃដដែលនោះដែរ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជា ប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពង់ឆ្នាំង អមដំណើរដោយ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត បាននាំយកនូវអំណោយជូនលោកយាយផងដែរ ដែលអំណោយទាំងនោះរួមមាន ទឹកត្រី១យួរ មី១កេស ក្រមា១ អង្ករ២០គីឡូ ទឹកសុទ្ធ១យួរ សារ៉ុង២ សាប៊ូ៤ដុំ សៀវភៅ២០ក្បាល ប៊ិច១០ដើម និងថវិកា ៤៥ម៉ឺនរៀល។ នៅក្នុងពិធីប្រគល់អំណោយជូនលោកយាយ ខឹម យ៉ុង អាយុ៧៦ឆ្នាំ ដែលគ្រោះដោយភ្លើងឆេះផ្ទះ នោះដែរ លោកជំទាវ តុង ណារី ក៏បានផ្តាំផ្ញើដល់លោកយាយ សូមពង្រឹងស្មារតី ខិតខំមើលថែចៅស្រីជាបន្តទៀត សូមកុំមានការព្រួយបារម្ភ អាជ្ញាធរមូលដ្ឋាននឹងស្វះស្វែងរកជំនួយមកជួយសាងសង់លំនៅដ្ឋានជូនលោកយាយវិញហើយ ។ លោកយាយត្រូវជំរុញចៅឱ្យខិតខំរៀនសូត្រ យកចំណេះដឹង ដើម្បីអនាគត ទៅថ្ងៃមុខ និងសូមលោកយាយ និងចៅស្រីធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែល ដើម្បីចៀសវាងឆ្លងជម្ងឺកូវីដ១៩ ។

សូមរំលឹកថា ផ្ទះលោកយាយ ខឹម យ៉ុង មានទំហំ៤គុណ៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ដំបូលស្លឹក និងបាំង ជញ្ជាំងស្លឹក ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ដោយសារឆ្លងចរន្តអគ្គីសនី ។ ចំពោះទ្រព្យសម្បត្តិខូចខាតមាន ផ្ទះ១ខ្នង ប្រាក់១លានរៀល កង់២គ្រឿង និងសម្ភារៈមួយចំនួនទៀត ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds