លោក ជា រិទ្ធ បានប្រែក្លាយពីអនុបណ្ឌិតភាសាអង់គ្លេសក្លាយទៅជាគ្រូប្រដាល់ដ៏ល្បីឈ្មោះមួយរូប
លោក ជា រិទ្ធ គ្រូបង្វឹកប្រចាំក្លឹបអាណាចក្រប្រយុទ្ធក្នុងខេត្តសៀមរាបពេលបច្ចុប្បន្ននេះបានប្រែក្លាយខ្លួនពីសាស្ត្រាចារ្យអក្សរសាស្ត្រភាសាអង់គ្លេសដែលបានបញ្ចប់អនុបណ្ឌិតផ្នែកអក្សរសាស្ត្រភាសាអង់គ្លេសនៅសាកលវិទ្យាល័យន័រតុននោះ ក្លាយជាគ្រូបង្វឹកប្រដាល់ដ៏មានឈ្មោះបោះសំឡេងនៅក្នុងស្រុក។
ពេលនេះលោកមាន កូន សិស្សលេចធ្លោមួយចំនួនដូចជា គង់ សំបូរ, ឫទ្ធ សាស្ត្រាវុធ និង ឆោម ប៊ុនឡុង ជាដើម។ គង់ សំបូរ បានឡើងប្រកួតលើសង្វៀន One Championship និង ឡើងប្រកួតញឹកញាប់នៅតាមសង្វៀនទូរទស្សន៍នានា។ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិនេះ សំបូរ បានយកឈ្នះ ពុយ វណ្ណៈ ដោយពិន្ទុដើម្បីឈ្នះពាន និងប្រាក់រង្វាន់ ៤០០ ដុល្លារអាមេរិកនៅខេត្តព្រៃវែង។ រីឯ អ្នកកំពុងទទួលបានការចាប់អារម្មណ៍ថ្មីៗនេះម្នាក់ទៀតគឺ ឫទ្ធ សាស្ត្រាវុធ ដែលទើបឈ្នះ សឿន ថៃសាន្ត ក្នុងកម្មវិធីប្រដាល់ចូលឆ្នាំប្រពៃណីជាតិថ្មីដូចគ្នា។ ចំណែក ឆោម ប៊ុនឡុង ក៏ទស្សនិកជនចាប់ផ្ដើមស្គាល់ជាច្រើនដែរ តាមរយៈ ការឈ្នះ ឡុង ណងសៅ និង ឈ្នះការប្រកួតជាច្រើនទៀតតាមសង្វៀនទូរទស្សន៍។
មូលហេតុនាំឲ្យលោក ជា រិទ្ធ ក្លាយជាគ្រូបង្វឹកព្រោះតែរូបលោកក៏ជាអតីតកីឡាករប្រដាល់នាទសវត្សរ៍៩០ ដែលរូបលោកធ្លាប់ ប្រកួតទល់នឹង នួន បូរ៉ា និង គឹម ចាន់ធឿន ជាដើម។ លោកនៅចាំបានថា លោកឡើងប្រកួតលើរេញផ្លូវការបានចំនួន៤ដង ជាពិសេសការប្រកួតពានរង្វាន់សម្ដេចហ៊ុន សែន ឆ្នាំ ១៩៩៧។ ប៉ុន្តែបើគិតអំពីការឡើងប្រកួតក្នុងកម្មវិធីបុណ្យនានា សាស្ត្រាចារ្យភាសាអង់គ្លេសរូបនេះ ធ្លាប់ឡើងសង្វៀនបានជាង២០ដងដែរដើម្បីយកកម្រៃទៅចាយវាយក្នុងការសិក្សា។
លោករំលឹកទៀតថា អំឡុងពេលសិក្សានៅសាកលវិទ្យាល័យ គ្រូបង្វឹកមានស្រុកកំណើតនៅខេត្តកណ្ដាលទទួលបានថ្នាក់បង្រៀនជាហូរហែនៅសាលវិទ្យាល័យឯកជនក្នុងរាជធានីភ្នំពេញ និង ឡើងដល់ថ្នាក់បង្រៀនសាកលវិទ្យាល័យបៀលប្រាយទៀតផង។ បន្ទាប់មកលោកក៏បានឡើងចុះទៅបង្រៀននៅសាកលវិទ្យាល័យមួយចំនួននាទឹកដីអង្គរ និង បង្កើតក្រុមគ្រួសាររស់នៅទីនោះដល់បច្ចុប្បន្ន។ ជាគ្រូបង្វឹកប្រដាល់ផង លោកក៏មានថ្នាក់បង្រៀនភាសាអង់គ្លេសក្រៅម៉ោងខ្លះនៅសាកលវិទ្យាល័យនានានៅទឹកដីខេត្តសៀមរាបបច្ចុប្បន្ន។ដោយក្ដីស្រលាញ់វិស័យក្បាច់គុន ហើយ ធ្លាប់ហាត់គុនខ្មែរ តេក្វាន់ដូ និង វូស៊ូ គួបផ្សំនឹងការស្រាវជ្រាវក្បាច់គុនជាច្រើនផងនោះ កូនសិស្សលោកទឹម ម៉ៃទី ក៏សម្រេចបើកក្លិបប្រដាល់ គុហាព្រហ្មជ័យ នៅខេត្តសៀមរាប ដែលមានកូនសិស្ស ៤ ទៅ ៥ នាក់ តាំងពីឆ្នាំ ២០១៣ មុនពេលទទួលបានសេចក្ដីទុកចិត្តឲ្យចូលបង្ហាត់នៅក្លិបប្រដាល់អាណាចក្រប្រយុទ្ធជាង ១ ឆ្នាំមកនេះ៕
អត្ថបទ៖ ពេជ្រ គឹមស្រ៊ិន