លោក Jordan អតីតកីឡាករបាល់បោះ នឹងឧបត្ថម្ភ ១០០លានដុល្លារ ដល់ការប្រឆាំងការរេីសអេីងពូជសាសន៍នៅអាមេរិក
(ញូវយ៉ក)៖ លោក Michael Jordan អតីតកីឡាករបាល់បោះនៅក្របខណ្ឌ NBA ដ៏ល្បីរបស់អាមេរិកបានថ្លែងប្រាប់ BBC ថា រូបលោកនឹងបរិច្ចាគទឹកប្រាក់ ១០០លានដុល្លារអាមេរិកដល់ក្រុមដែលប្រយុទ្ធប្រឆាំង ដើម្បីសមភាពជាតិសាសន៍ និងយុត្តិធម៌សង្គម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់បុរសស្បែកខ្មៅខាងលេីនេះ បានឲ្យដឹងថា គាត់ និងក្រុមហ៊ុន Jordan Brand របស់គាត់នឹងធ្វេីការឧបត្ថម្ភប្រាក់ ១០០លានដុល្លារក្នុងរយៈពេល ១០ឆ្នាំទៅមុខ ក្នុងសកម្មភាពទប់ទល់នឹងការរេីសអេីងពូជសាសន៍។
ប្រាក់ទាំងនេះ នឹងឲ្យទៅអង្គការមួយចំនួនក្នុងគោលបំណងដោះស្រាយ «ការរើសអើងជាតិសាសន៍» ដែលវាបានកើតឡើង បន្ទាប់ពីមានបាតុកម្មផ្ទុះឡើងនៅពាសពេញសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ក្រោយពីមរណភាពរបស់លោក George Floyd ដោយស្នាដៃប៉ូលិសស្បែកសនៅអាមេរិកកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។
ក្នុងសេចក្តីថ្លែងការណ៍នោះបានសរសេរថា «ខ្ញុំសោកសៅ និងឈឺចាប់យ៉ាងខ្លាំងណាស់។ ខ្ញុំបានឃើញ និងមានអារម្មណ៍ឈឺចាប់គ្រប់គ្នាខឹងសម្បារ និងអាក់អន់ចិត្ត។ ខ្ញុំឈរជាមួយអ្នកដែលស្រែកប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងអំពើហិង្សាចំពោះប្រជាជនដែលមានពណ៌សម្បុរនៅក្នុងប្រទេសរបស់យើង»៕