វិស័យទេសចរណ៍កម្ពុជាបាត់បង់ចំណូលជាង៣ពាន់លានដុល្លារ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា វិបត្តិជំងឺឆ្លងកូវីដ១៩ ធ្វើឲ្យកម្ពុជាបាត់បង់ប្រាក់ចំណូលប្រមាណ៣ពាន់លានដុល្លារអាមេរិក បន្ទាប់ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០នេះចំនួនទេសចរអន្តរជាតិធ្លាក់ចុះក្នុងរង្វង់ប្រមាណ៧០ភាគរយ និងភ្ញៀវទេសចរក្នុងស្រុកអាចធ្លាក់ចុះក្នុងរង្វង់ប្រមាណ៥០ភាគរយ។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្តដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហ៊ានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះ។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២០នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១,១៦លាននាក់ ធ្លាក់ចុះក្នុងអត្រា៥២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ការធ្លាក់ភ្ញៀវទេសចរនេះបានធ្វើឲ្យដំណើរការអាជីវកម្មទេសចរណ៍បិទទ្វារសរុប២,៩៥៦ទីតាំង និងការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ចំនួនសរុប៤៥,៤០៥ នាក់ ក្នុងនោះរួមមាន៖សណ្ឋាគារដែលបានបិទចំនួន៣២៤ សណ្ឋាគារ និងប៉ះពាល់បុគ្គលិកសរុប១៤,៥៥៧នាក់។ ផ្ទះសំណាក់ បានបិទចំនួន៤០៥ទីតាំង និងប៉ះពាល់បុគ្គលិកចំនួន ២,០៨៧ នាក់។ ភោជនីយដ្ឋានបានបិទចំនួន ៣៨៥ ទីតាំង និងប៉ះពាល់បុគ្គលិកចំនួន៣,៥៨៥ នាក់។ កន្លែងម៉ាស្សាត្រូវបានបិទចំនួន ៦៤៤ ទីតាំង និងប៉ះពាល់បុគ្គលិកចំនួន៦,៧២២ នាក់។ សេវាកម្មទីភ្នាក់ងារទេសចរណ៍បានបិទចំនួន ៥១ ទីតាំង និងប៉ះពាល់បុគ្គលិកចំនួន២៥០នាក់។ មគ្គុទេ្ទសក៏ ទេសចរណ៍ដែលបានព្យួរអាជ្ញាបណ្ណទេសចរណ៍ចំនួន ១១៨ នាក់។ ចំពោះអាជីវកម្មខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន ដែលត្រូវបិទអាជីវកម្មទូទាំងប្រទេសទាំងស្រុង មានចំនួន១,១៤៧ អាជីវកម្ម និងប៉ះពាល់បុគ្គលិកបម្រើការងារធ្វើចំនួន១៨,២០៤ នាក់។ ទោះជាយ៉ាងនេះក្តី ឯកឧត្តម បានអះអាងថា វិស័យទេសចរណ៍កម្ពុជា មានសញ្ញាណវិជ្ជមានឡើងវិញ ចាប់តាំងពីដើមខែឧសភាកន្លងទៅនេះ ដោយ ភ្ញៀវទេសចរជាតិ និងបរទេសផ្ទៃក្នុង បានដើរកម្សាន្តនៅគោលដៅទេសចរណ៍នានានៅក្នុងប្រទេស មានចំនួនប្រមាណ ១៥១,៤៥២ នាក់ កើនឡើង៤២.០៧ភាគរយ បើធៀបនឹងខែមេសា ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ១០១,១៥១នាក់ និងភ្ញៀវអន្តរជាតិមានចំនួន២,៣០១នាក់។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ បាន រៀបចំ និងដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ៦សេវាកម្ម ដែលកំពុងដំណើរការអាជីវកម្មរួមមាន៖ សម្រាប់សណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍, សេវាកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍, សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក, សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក, រមណីយដ្ឋានទេសចរណ៍, និងសហគមន៍ ទេសចរណ៍ តាមរយៈការអនុវត្តវិធានការរក្សាអនាម័យ និងភាពស្អាត, រក្សាសុវត្ថិភាពម្ហូបអាហារ និងការរក្សាគម្លាតសុវត្ថិភាព ជាដើម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds