សម្តេច ស ខេ​ង៖ បុគ្គលិក​សុខាភិបាល​ជាង​២​ម៉ឺន​នាក់​ត្រូវ​ផ្ទេរ​ទៅ​រដ្ឋបាល​រាជធានី​ខេត្ត​គ្រប់គ្រង​ផ្ទាល់

(ភ្នំពេញ) ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​សុខាភិបាល​ជាង​២​ម៉ឺន ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី ខេត្ត​ជា​អ្នកគ្រប់គ្រង​ផ្ទាល់ ។

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ និង​ដាក់​ឱ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ខេត្ត នា​ព្រឹក ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង សម្តេច ស ខេ​ង បាន​បញ្ជាក់​ថា​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​សូម​ផ្តល់​គោលការណ៍​ណែនាំ​មួយ​ចំនួន​ដែល​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​អនុវត្ត ដើម្បី​ធានា​ឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត​អាច​ចាប់ផ្តើម​គ្រប់គ្រង​ចាត់ចែង​មុខងារ​ផ្តល់​សេវា​សុខាភិបាល​ដែល​បាន​ផ្ទេរ​ឱ្យ​នេះ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ស្រប​តាម​ស្មារតី​នៃ​អនុក្រឹត្យ​» ។

សេចក្តីណែនាំ​របស់​សម្តេច ស ខេ​ង រួម​មាន​ទី​១៖ ការ​ផ្សព្វផ្សាយ​បន្ត​នៅ​ថ្នាក់​រាជធានី ខេត្ត រដ្ឋបាល​រាជធានី ខេត្ត​នីមួយ​ៗ​ត្រូវ​រៀបចំ​ពិធី​ផ្សព្វផ្សាយ និង​ដាក់​ឱ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ខេត្ត​សាមី​នីមួយ​ៗ ឱ្យ​បាន​ទូលំទូលាយ​ជូន​ដល់​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ជំនាញ​រាជធានី​ខេត្ត ។

ក្នុង​ការ​រៀបចំ​ពិធី​ផ្សព្វផ្សាយ​នេះ​ត្រូវ​អនុវត្ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ដើម្បី​ធានា​ដល់​ការ​ការពារ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ ទី​២៖ ការ​គ្រប់គ្រង​បុគ្គលិក​ដែល​បាន​ផ្ទេរ​ទៅ​ឱ្យ​ជា​រួម​បុគ្គលិក​សុខាភិបាល​ប្រមាណ​ជាង​២​ម៉ឺន​នាក់​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត​សាមី​នីមួយ​ៗ​។ ទោះបី​បុគ្គលិក​ទាំងនេះ​នៅ​តែ​បន្ត​ស្ថិត​ក្នុង​អង្គភាព​សុខាភិបាល​ក៏​ដោយ ក៏​ប៉ុន្តែ​បុគ្គលិក​ទាំងនេះ​ត្រូវ​បាន​ផ្ទេរ​ទៅ​ស្ថិត ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​រដ្ឋបាល​រាជធានី ខេត្ត​សាមី​នីមួយ​ៗ ដែល​ត្រូវ​អនុវត្ត​តាម​គោលការណ៍​បែបបទ និង​នីតិវិធី​នៃ​ការ​គ្រប់គ្រង​បុគ្គលិក ស្រប​តាម​លក្ខន្តិកៈ​ដោយឡែក​សម្រាប់​បុគ្គលិក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ។ ការ​គ្រប់គ្រង​បុគ្គលិក ជា​ពិសេស​ការ​តែងតាំង​ការ​ផ្លាស់​ប្តូរ​បុគ្គលិក គឺជា​កិច្ចការ​រសើប ។ អាស្រ័យ​ហេតុនេះ ក្រុមប្រឹក្សា និង​គណៈ​អភិបាល​នៃ​រដ្ឋបាល​រាជធានី​ខេត្ត​ត្រូវ​គ្រប់គ្រង ចាត់ចែង និង​ប្រើប្រាស់​បុគ្គលិក​ទាំងនេះ​ប្រកបដោយ​តម្លាភាព ស្រប​តាម​គោលការណ៍ បែបបទ និង​នីតិវិធី​ដែល​បាន​កំណត់ ។ ទី​៣៖ ការ​គ្រប់គ្រង ការ​ចាត់ចែង និង​ការ​ប្រើប្រាស់​ថវិកា ថវិកា​ដែល​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ រដ្ឋបាល​រាជធានី ខេត្ត​សម្រាប់​អនុវត្ត​មុខងារ​ផ្តល់​សេវា​សុខាភិបាល គឺជា​ថវិកា​ផ្ទេរ​ដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds