ដោយសារវិបត្តិកូវីដ១៩ បានបង្ខំអោយផ្ទះសំណាក់ និងសណ្ឋាគារប្រមាណ១០០បានបិទទ្វារ និងប៉ះពាល់ការងារចំនួន៨៥០០នាក់ នៅក្រុងសៀមរាប
(សៀមរាប)៖ វីរុសឆ្លងរាតត្បាតកូវីដ១៩ បានបង្កការប៉ះពាល់ដល់វិស័យទេសចរណ៍នៅខេត្តសៀមរាបយ៉ាងធ្ងន់ធ្ងរ ដោយបង្ខំឲ្យផ្ទះសំណាក់និងសណ្ឋាគារចំនួនប្រមាណ១០០ ផ្អាកដំណើរការ និងបានធ្វើឲ្យបាត់បង់ការងារចំនួន៨៥០០នាក់។ នេះបើយោងតាមអភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ។
លោក លី សំរិទ្ធ អភិបាលខេត្តរងខេត្តសៀមរាប បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០ ដូច្នេះថា “បញ្ហាដែលយើងបានបិទសេវាកម្មទេសចរណ៍ គឺបិទសណ្ឋាគារ បិទផ្ទះសំណាក់។ បិទហ្នឹង គឺបិទដោយម្ចាស់សណ្ឋាគារហ្នឹងតែម្តង គឺអត់មានភ្ញៀវ គឺគាត់អត់អាចធ្វើបន្តឲ្យដំណើរការបាន ដោយសារទប់នឹងការចាយ ចំណាយប្រតិបត្តិការប្រចាំថ្ងៃអត់រួច អ៊ីចឹង បិទ។”
ធនាគារពិភពលោកបាននិយាយកាលពីថ្ងៃសុក្រ សប្តាហ៍មុននេះថា ជំងឺរាតត្បាតមួយនេះនឹងបង្កហានិភ័យឲ្យបាត់បង់ការងាររបស់កម្ពុជាចំនួន ១,៧៦លាននាក់ នៅក្នុងវិស័យទេសចរណ៍ ឧស្សាហកម្មផលិត និងវិស័យសំណង់។ ដោយសារតែកូវីដ១៩នេះ ក្នុងរយៈពេល ៥ខែកន្លងមកនេះ ភ្ញៀវទេសចរនៅខេត្តសៀមរាបបានធ្លាក់ចុះយ៉ាងខ្លាំង ជាមធ្យម ៦០ភាគរយ នៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាមលោក លី សំរិទ្ធ។
លោក លី សំរិទ្ធ បាននិយាយដូច្នេះថា “ខែឧសភានេះ ចុះដល់ជិតអស់ ប៉ុន្តែ អត់សូន្យទេណា បានន័យថា យើងអត់មានសូន្យទេ គឺនៅ ទោះបីមិនរស់រវើក តែមិនអស់ទេសចរ។ តិចជាងគេ ដូចជា នៅក្នុងថ្ងៃចូលឆ្នាំខ្មែរ បាទ ៨នាក់ តិចជាងគេ ហើយចុះដល់ប៉ុណ្ណឹង។”
លោក លី សំរិទ្ធ បាននិយាយថា នឹងមានការកើនឡើងវិញនៃភ្ញៀវទេសចរ ដោយបានមើលឃើញថា នៅក្នុងខែឧសភានេះ ចំនួនទេសចរមានចំនួន ជាង ១៧០០នាក់ជាង ហើយបើប្រៀបធៀបជាមួយនឹងខែមេសា ដែលមានចំនួនជាង ៦០០នាក់។ លោក លី សំរិទ្ធ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសទៅដើរលេងនៅសៀមរាប ព្រោះថា សេវាកម្មនិងផ្ទះសំណាក់ សណ្ឋាគារ ជារបៀបគ្រួសារ គឺនៅបើកជាធម្មតាទេ៕