អាជីវកម្មរបស់បងប្អូនខ្មែរនៅអាមេរិកមួយចំនួនរងការខូចខាត ក្រោយត្រូវជនឆ្លៀតឱកាសវាយកំទេច និងចូលលួចទ្រព្យសម្បត្តិ
(អាមេរិក)៖ ចាប់តាំងពីមរណភាពរបស់លោក George Floyd ដែលបានស្លាប់ ដោយសារប៉ូលីសយកជង្គង់សង្កត់កផ្ទប់ដី បណ្ដាលឱ្យគាត់ស្លាប់បាត់បង់ជីវិតនៅឯក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក មក វាបានបង្កឱ្យមានកំហឹងពេញសហរដ្ឋអាមេរិក ក៏ដូចជាពិភពលោកទាំងមូល។ កំហឹងចំពោះភាពលំអៀង និងភាពរើសអើងចំពោះជនជាតិស្បែកខ្មៅនៅសហរដ្ឋអាមេរិក បាននាំឱ្យមានការតវ៉ាទាមទាររកយុត្តិធម៌ជូនលោក George Floyd ដែលបានស្លាប់យ៉ាងអយុត្តិធម៌បំផុត ប៉ុន្តែយ៉ាងណាការតវ៉ាយ៉ាងស្ងប់ស្ងាត់បានប្រែទៅជាកុបកម្មយ៉ាងធំ ហើយបានធ្វើឱ្យមានការផ្ទុះហិង្សារវាងប៉ូលីសនិងក្រុមអ្នកតវ៉ា ខណៈក្រុមឆ្លៀតឱកាសបានវាយបំផ្លាញទ្រព្យសម្បត្តិ ចូលលួច និងបង្កភាពចលាចល។
ប៉ុន្មានរយៈនៃការធ្វើកុបកម្មទូទាំងសហរដ្ឋអាមេរិក បងប្អូនខ្មែររបស់យើងដែលរស់នៅទីនោះ ក៏បានរងការវាយប្រហារពីក្រុមបំផ្លាញផងដែរ ដោយយោងតាមការបង្ហោះក្នុងផេកហ្វេសប៊ុករបស់ សហគមន៍ខ្មែរនៅក្រុងឡងប៊ិច បានឱ្យដឹងថា ពួកគេកំពុងធ្វើការស្ទង់មតិនៅ Cambodia Town ចំពោះការខូចខាតទ្រព្យសម្បត្តិអ្នកនៅទីនោះ ដែលត្រូវបំផ្លាញដោយដៃក្រុមអ្នកតវ៉ាហិង្សាទាំងនោះ៕