ថៃកំពុងពិចារណារៀបចំពិធីបុណ្យសង្ក្រាន្តឡើងវិញនៅក្នុងខែកក្កដាខាងមុខនេះ បើស្ថានភាពកូវីដ១៩ ធូរស្បើយដល់កម្រិតទាប
(ថៃ)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ថៃ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលថៃកំពុងតែពិចារណាអំពីលទ្ធភាពនៃការៀបចំថ្ងៃឈប់សម្រាកដ៏វែងមួយនៅក្នុងខែកក្កដាខាងមុខនេះ ដើម្បីជំនួសឲ្យថ្ងៃឈប់សម្រាក់ក្នុងពិធីសង្គ្រានឆ្នាំថ្មីរបស់ថៃ ដែលត្រូវបានលុបចោលកាលពីពេលកន្លងទៅនេះ ព្រោះតែវិបត្តិនៃមេរោគកូវីដ ១៩ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន bangkokpost។
បើតាមលោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បានបញ្ជាក់ថា គេនៅរង់ចាំមើលស្ថានភាពទូទៅរបស់មេរោគកូវីដ ១៩ នៅក្នុងខែមិថុនានេះមួយខែពេញទៀតសិន ប្រសិនបើចំនួនអ្នកជំងឺនៅតែបន្តធ្លាក់ចុះដល់កម្រិតទាបរដ្ឋាភិបាលនឹងសម្រេចរៀបចំពិធីសង្ក្រាន្តនៅក្នុងខែកក្កដាភ្លាម។
ផ្ទុយទៅវិញបើតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ស្រាប់តែហក់ឡើងខ្ពស់វិញ រដ្ឋាភិបាលអាចនឹងពន្យាពេលរៀបចំថ្ងៃឈប់សម្រាកនេះទៅពេលក្រោយទៀតផងដែរ។ គួរម្លឹកជូនថា ថៃគ្រោងនឹងរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីរបស់ខ្លួនចាប់ទីថ្ងៃទី ១៣ដល់១៥ ខែមេសា កន្លងទៅនេះ តែយ៉ាងណាក្តីពិធីបុណ្យមួយនេះត្រូវបានលុបចោលភ្លាមៗដើម្បីទប់ស្កាប់ការចម្លងមេរោគកូវីដ ១៩ ហើយរដ្ឋាភិបាលសន្យាថានឹងផ្តល់ជូនថ្ងៃឈប់សម្រាកទៅកាន់ប្រជាពលរដ្ឋវិញនៅពេលស្ថានភាពនៃជំងឺកូវីដ ១៩ បានល្អប្រើសើរឡើង។
សូមបញ្ជាក់ជូនផងដែរថា គិតមកទល់នឹងពេលនេះថៃមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៣ ០៨២ ករណី ស្លាប់ ៥៧ ករណី ជាសះស្បើយ ២ ៩៦៥ ករណី និងនៅសល់អ្នកជំងឺដែលកំពុងព្យាបាលត្រឹមតែ ៦០ ករណីប៉ុណ្ណោះ៕