មានផលចំណេញ ៥ចំណុច នៃការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា

(ភ្នំពេញ)៖ លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនមូលបត្រកម្ពុជា ឬហៅជាសាមញ្ញថា ផ្សារភាគហ៊ុនកម្ពុជា បានលើកឡើងនូវផលចំណេញ ៥ ចំណុច នៃការប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងដូច្នេះ បន្ទាប់ពីធនាគារជាតិ ប្រកាសពីផែនការឈប់ប្រើប្រាស់លុយដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារអាមេរិក ក្នុងបំណងជំរុញការប្រើប្រាស់ប្រាក់រៀលជំនួសវិញ។ តាមអ្នកជំនាញសេដ្ឋកិច្ច លោក ហុង សុហួរ ការប្រើប្រាក់រៀល ជំនួសប្រាក់ដុល្លារ ធ្វើឱ្យកម្ពុជា ចំណេញច្រើនណាស់៖

១-យើងយកមាស ឬក៏ទំនិញ ឬក៏សេវានានា ទៅលក់នៅបរទេស ដើម្បីទទួលបានក្រដាសប្រាក់ដុល្លារ ដែលមានតម្លៃផលិតត្រឹមតែប៉ុន្មានសេនប៉ុណ្ណោះក្នុងមួយសន្លឹក។ ដូច្នេះបើយើងប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារកាន់តែតិច គឺកម្ពុជាខាតកាន់តែតិច។

២-នៅកម្ពុជា មានសាច់ប្រាក់ដុល្លារ ចរាចរណ៍ច្រើនលើសលប់ ដែលសាច់ប្រាក់នេះ អត់បានផ្ដល់ជាការប្រាក់ ឬប្រាក់ចំណេញ ដល់កម្ពុជាទេ។ បើយើងប្រើប្រាស់ប្រាក់រៀលទាំងស្រុងវិញនោះ យើងនឹងនៅសល់ប្រាក់ដុល្លាររាប់ពាន់លានដុល្លារ សម្រាប់សន្សំយកការប្រាក់ ឬវិនិយោគ ឬប្រើប្រាស់ឲ្យមានប្រយោជន៍ជាងប្រើជាមធ្យោបាយទូទាត់។

៣-ការប្រើប្រាក់រៀលជាទូទៅ អនុញ្ញាតឲ្យធនាគារកណ្ដាល (ធនាគារជាតិនៃកម្ពុជា) អាចប្រើប្រាស់នយោបាយរូបិយវត្ថុ ដើម្បីជះឥទ្ធិពលលើអត្រាការប្រាក់នៅលើទីផ្សារ និងជំរុញ ឬគ្រប់គ្រងសេដ្ឋកិច្ច ឲ្យកាន់តែមានប្រសិទ្ធភាព។ ជាឧទាហរណ៍ រដ្ឋាភិបាលតែចង់បន្ទាបអត្រាការប្រាក់ទីផ្សារ ឬបង្កើនបរិមាណសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច នៅពេលចង់ជំរុញសេដ្ឋកិច្ច។

៤-ប្រាក់រៀល មានស្ថិរភាពជាងរូបិយបណ្ណភាគច្រើន នៅលើពិភពលោក ពីព្រោះ អត្រាប្ដូរប្រាក់ជាមធ្យម គឺ ៤០៥០៛ ក្នុង ១$ ហើយប្រែប្រួលមិនដល់ ២% ផង រៀងរាល់ឆ្នាំ ក្នុងរយៈពេលជាង ២០ឆ្នាំ ចុងក្រោយ។ ដូច្នេះ ប្រាក់រៀល អាចធានាបាននូវអំណាចទិញ និងមិនបង្កនូវចំណាយប្ដូរប្រាក់ បើយើងប្រើប្រាស់ប្រាក់រៀលជាទូទៅនោះ។

៥-ការដែលមានរូបិយបណ្ណជាតិ ដែលត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ គឺជាមោទនភាពជាតិមួយ សម្រាប់រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds