នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ ចំនួនករណីឆ្លង COVID-19 នៅឥណ្ឌាកើនលើស ១៥០,០០០នាក់ ក្នុងនោះស្លាប់ជាង ៤,៣០០នាក់
(ញូដេលី)៖ ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌា នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ នេះបានប្រកាសថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនឡើងរហូតដល់ ១៥១,៧៦៧ករណីហើយ បន្ទាប់ពីបានរកឃើញអ្នកឆ្លងសរុប ៦,៣៨៧នាក់ថ្មីទៀតក្នុងកំឡុងពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ក្រៅពីចំនួនអ្នកឆ្លងថ្មីៗ ក៏មានអ្នកជំងឺដែលបានបាត់បង់ជីវិតចំនួន ១៧០នាក់បន្ថែមទៀតដែរ នាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារជំងឺ COVID-19 នៅឥណ្ឌាកើនឡើងដល់ ៤,៣៣៧នាក់។ ដោយឡែកសម្រាប់ចំនួនអ្នកជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញ ក៏បានកើនឡើងដល់ ៦៤,៤២៦នាក់ផងដែរ ខណៈអ្នកជំងឺ ៨៣,០០៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា ឥណ្ឌាកាន់តែខិតជិតដល់ពេលកំណត់ នៃការដកវិធានការបិទប្រទេសហើយ គឺនៅថ្ងៃទី៣១ ខែឧសភាខាងមុខនេះ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើរដ្ឋាភិបាលប្រទេសនេះ នឹងអាចអូសបន្លាយ ពេលវេលាបន្ថែមទៀត ឬមួយក៏យ៉ាងណានោះឡើយ ខណៈចំនួនករណីឆ្លង COVID-19 និងស្លាប់បាត់បង់ជីវិតក្នុងមួយថ្ងៃៗ ហាក់ដូចជាគ្មានសញ្ញាថយចុះបន្តិចសោះ៕