ក្នុងអំឡុងវិបត្តិកូវីដ១៩ អ្នករកស៊ីគម្រោងដីឡូត៍ខ្នាតតូចរងផលប៉ះពាល់ខ្លាំងជាងគេ

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងវិនិយោគលើវិស័យដីធ្លីបាននិយាយថា ជំងឺរាតត្បាតកូវីដ១៩ បាននឹងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យដីធ្លី និងអចលនទ្រព្យទូទៅនៅកម្ពុជា ប៉ុន្តែ បញ្ជាក់ថា អ្នកអភិវឌ្ឍគម្រោងដីឡូត៍ខ្នាតតូចរងផលប៉ះពាល់ខ្លាំងជាងគេបំផុត។ លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងជាអ្នកវិនិយោគលើវិស័យ ដីធ្លីមួយរូបនៅកម្ពុជាបាននិយាយថា គម្រោងដីឡូត៍ខ្នាតតូចសម្រាប់សាងសង់ផ្ទះដែលមានទំហំ ៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ តាមពិតទៅជួបបញ្ហា ថមថយចុះសន្ទុះតាំងពីមុនវិបត្តិកូវីដ១៩ទៅទៀត ប៉ុន្តែពេលកូវីដ១៩ ចូលមកដល់ គម្រោងដីឡូត៍តូចៗទាំងនេះស្ទើរតែលក់លែងចេញទាំងស្រុងទៅហើយ។

លោកបានបន្តថា ដោយឡែកគម្រោងដីឡូត៍ខ្នាតតូចៗទាំងនេះ ដែលបានលក់ចេញរួចក៏បាន និង កំពុងជួបប្រទះបញ្ហានៃការប្រមូលលុយបង់រំលស់ពីអ្នកទិញផងដែរ។ ហើយមូលហេតុ គឺដោយសារថា «អ្នកទិញគម្រោងដីឡូត៍តូចៗនេះ ភាគច្រើនបំផុតជាកម្មករ ឬជាអ្នកដែលមានមុខរបរ ក្រៅប្រព័ន្ធដែលមានចំណូលទាប ដែលចំណូលរបស់ពួកគេត្រូវបានប៉ះពាល់ដោយសារ វិបត្តិកូវីដ១៩ នេះនាំឲ្យពួកគេខកខាន ឬពន្យារពេលក្នុងការបង់ប្រាក់រំលស់។» ប៉ុន្តែលោក ង៉ែត ជូ ដែលជាអ្នកវិនិយោគលើគម្រោង ដីឡូត៍សម្រាប់ជាទីលំហែកាយឈ្មោះថា គម្រោងភូមិឋានធម្មជាតិ បានអះអាងថា គម្រោងដីឡូត៍បែបជាកន្លែងលំហែកាយ ដីឡូត៍ វីឡា ឬដីឡូត៍ខ្នាតធំៗសម្រាប់សង់ ផ្ទះលំហែកាយ ដូចគម្រោងរបស់លោក និងគម្រោងភូមិផ្កាត្រកួនជាដើម ពុំជួបបញ្ហាចោទធុំដុំទេ ព្រោះតែអតិថិជនរបស់ គម្រោងទាំងនេះ ភាគច្រើនជាម្ចាស់អាជីវកម្ម ជាអ្នកធ្វើការការិយាល័យដែលមានប្រាក់ខែរឹងមាំ ឬចំណូលច្រើន ដូច្នេះអតិថិជនទាំងនេះពុំមានបញ្ហាចោទក្នុងការបង់រំលស់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds