ទីបំផុត Thai Airways អស់ឋានៈជាសហគ្រាសរដ្ឋហើយ បន្ទាប់ពីលក់ហ៊ុនចេញ

(ថៃ)៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Saksayam Chidchob បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលត្រូវបានហ៊ុមព័ទដោយបំណុលជុំជិតនោះ នាពេលនេះ លែងមានឋានៈជាសហគ្រាសរដ្ឋតទៅទៀតហើយ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុថៃ ដែលជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុននេះ បានសម្រេចលក់ភាគហ៊ុន ៣,១៧% របស់ខ្លួនចេញពីក្រុមហ៊ុននេះ ទៅឲ្យ Vayupak 1 Fund កាលពីថ្ងៃសុក្រ។ នេះបើតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្ដិ៍។

លោក Saksayam បាននិយាយនៅថ្ងៃអាទិត្យនេះថា ក្រសួងហិរញ្ញវត្ថុថៃ បានជូនដំណឹងមកកាន់ក្រសួងដឹកជញ្ជូនអំពីការលក់ភាគហ៊ុននេះ ដែលបានបើកផ្លូវឲ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways ចូលទៅកាន់ដំណើរការស្ដារនីតិសម្បទាអាជីវកម្មឡើងវិញ ក្រោមការគ្រប់គ្រងដោយក្រសួងហិរញ្ញវត្ថុ ដែលនៅតែជាម្ចាស់ភាគហ៊ុនធំដដែល។យ៉ាងណាក៏ដោយចុះ លោក Saksayam បាននិយាយទៀតថា ក្រសួងដឹកជញ្ជូន បានទទូចសុំថា ប្រសិនបើក្រសួងហិរញ្ញវត្ថុចង់ក្លាយជាអ្នករៀបចំផែនការស្ដារនីតិសម្បទាក្រុមហ៊ុននេះ វាត្រូវការស្នើទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីផ្លាស់ប្តូរដំណោះស្រាយដែលបានដាក់ចេញកាលពីថ្ងៃទី១៩ ខែឧសភា ដែលបានចាត់ឲ្យក្រសួងដឹកជញ្ជូនមានតួនាទីរៀបចំផែនការស្ដារនេះ។

តម្លៃភាគហ៊ុន ដែលក្រសួងហិរញ្ញវត្ថុថៃ បានលក់ចេញ ៣,១៧%នោះ គឺមានចំនួនភាគហ៊ុនសរុប ៦៩លានភាគហ៊ុន ខណៈតម្លៃមាន ៤.០៣ បាត ក្នុងមួយភាគហ៊ុន បើគិតជាតម្លៃសរុប គឺមានប្រមាណ ២៧៨ លានបាត (ជាង ៨,៧លានដុល្លារអាមេរិក)។ នេះបើតាមការអះអាងរបស់ប្រភពដែលបានប្រាប់កាសែតបាងកកប៉ុស្ដិ៍។បន្ទាប់ពីបានលក់ភាគហ៊ុនរួច បានធ្វើឲ្យក្រសួងហិរញ្ញវត្ថុថៃ នៅមានសិទ្ធិកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Thai Airways តែ ៤៨% ប៉ុណ្ណោះ ដូច្នេះ មានន័យថា រដ្ឋថៃ មិនមែនជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ តទៅទៀតនោះទេ។ប្រភពបានបន្ថែមថា កាលពីមុនក្រសួងហិរញ្ញវត្ថុ និយាយថា ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងដាក់ពាក្យសុំរបស់ខ្លួនទៅកាន់តុលាការក្ស័យធនកណ្ដាល សម្រាប់ការស្ដារនីតិសម្បទា ក្រោមច្បាប់ស្ដីពីការក្ស័យធន ជាមួយគ្នានេះ ក្រុមហ៊ុនបានស្នើសុំខ្លួនឯងជាអ្នករៀបចំផែនការស្ដារឡើងវិញ។ បន្ថែមពីនេះ ប្រសិនបើរាជរដ្ឋាភិបាលថៃ ចង់ឲ្យអ្នកតំណាងរបស់ខ្លួន ធ្វើជាអ្នករៀបចំផែនការ នោះពួកគេត្រូវមានកៅអីអង្គុយនៅក្នុងក្រុមប្រឹក្សាភិបាលជាមុនសិន។ តាមច្បាប់ស្ដីពីការក្ស័យធន មានតែសមាជិកក្រុមប្រឹក្សាភិបាលទេ ដែលអាចត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងផែនការ ដោយកូនបំណុល។ ទោះយ៉ាងណា ម្ចាស់បំណុល អាចជំទាស់នឹងសំណើររបស់កូនបំណុលបាន។

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ជំពាក់បំណុលមិនទាន់សងសរុប ២០០ ពាន់លានបាត (ប្រមាណ ៦,៣ ពាន់លានដុល្លារអាមេរិក) ដោយក្នុងនោះ មាន ៣០% ជាបំណុលជំពាក់ក្នុងស្រុក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds