អតីតតារាចម្រៀង នៃក្រុម EV លោក សែម សង្វាត លើកដៃសំពះ សុំឲ្យបងប្អូន ជួយទិញផ្លែឈើ
(ភ្នំពេញ)៖ ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អតីតតារាចម្រៀងប្រុស នៃក្រុម EV គឺ លោក សែម សង្វាត នោះ។ ទោះពេលនេះ លោក កំពុងមានជីវភាពខ្វះខាតខ្លាំងយ៉ាងណាក៏ដោយ ក៏លោក ហើយនិងកូនៗ មិនអស់សង្ឃឹមឡើយ ដោយនៅប្រឹងប្រែងលក់ផលិតផលតាមអនឡាញ។
ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ គេឃើញលោក សែម សង្វាត បានប្រកាសលក់ផ្លែឈើ ស្រស់ៗ មានដូចជា មង្យុត សាវម៉ាវ និងទុរេន ដើម្បីគ្រាន់ទុកដោះស្រាយជីវភាពប្រចាំថ្ងៃ។ លោកបានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា៖“សូមបងប្អូនហ្វេនៗ ក៏ដូចជាបងប្អូនប្រិយមិត្តទាំងអស់ ដែលចូលចិត្តអាណិតស្រលាញ់ដល់ខ្ញុំបាទ មេត្តាជួយទិញផ្លែឈេី មង្យុត សាវម៉ាវ ទុរេន ដែលខ្ញុំបាទបានកុម្ម៉ង់យកមកលក់ ។ អស់លោក លោកស្រី សូមជួយកុម៉្មង់ផ្លែឈេី ដែលខ្ញុំបាទយកមកពីកំពង់ចាមផ្ទាល់ របស់ធម្មជាតិ មិនមានគីមី ធានាញុំាហេីយ ឱជារស់ ជាប់ចិត្ត ជួយកុម្ម៉ង់ទិញ ផ្លែឈេីខ្ញុំបាទ ក៏ដូចជាបានជួយ ដល់ខ្ញុំបាទ ដោះស្រាយជីវភាព អាចទំនាក់ទំនង Tell. 011663008/093591860″។
តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពអំឡុងឆ្នាំ២០០១ លោក សែម សង្វាត បច្ចុប្បន្នបានស្ងាត់បាត់មុខឈឹងពីសង្គមសិល្បៈ សូម្បីតែជីវិតឯកជនក៏មិនដឹងយ៉ាងណា ស្របពេលដែលជីវិតរបស់តារារួមទ្រនំមួយចំនួន ប្រើប្រាស់ជីវិតយ៉ាងស៊ីវិល័យ។ មិនបានប៉ុន្មានផង ក៏ស្រាប់តែលេចឡើង នូវរូបភាពប៉ុន្មានសន្លឹករបស់តារាប្រុសរូបនេះសារជាថ្មីម្តងទៀត ដែលបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល និងមិននឹកស្មានគ្រប់គ្នាតែម្តង ក្រោយឃើញរូបរាងរបស់លោក។ ដោយក្នុងនោះឃើញថាតារាប្រុសរូបនេះ បានប្រែខ្លួនជាស្គមខ្លាំងមើលមិនចង់ស្គាល់ ចំណែកឯវ័យក៏កាន់តែច្រើនឡើងថែមទៀត។ ជាមួយនឹងរូបភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានបង្ហាញក្តីនឹករលឹក ដល់លោកយ៉ាងខ្លាំង ដែលបានបាត់មុខពីសិល្បៈអស់ពេលជាយូរមកនេះ។
គួររំលឹកផងដែរថា លោកសែម សង្វាត គឺជាតារាចម្រៀងមួយរូបដែលមានកេរ្តិ៍ល្បីក្នុងឆ្នាំ ២០០១ នៅផលិតកម្មរស្មីស្ទឹងសង្កែ និងអតីតសមាជិកក្រុម ក្រុម EV Band ជាមួយនឹងអ្នកនាងយក់ ថិតរដ្ឋា និងឱក សុគន្ធកញ្ញា តែក្រោយមកលោកក៏បាត់ស្ងាត់ឈឹងពីសិល្បៈ រហូតមកដល់ពេលនេះ៕