ផ្លូវជាតិលេខ៣ នឹងកាមេរ៉ាចាប់យានយន្តលើសល្បឿនកំណត់ ១០ទីតាំង ក្រោយសាងសង់រួច
(ភ្នំពេញ)៖ តាមការអោយដឹងពី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រោយពេលសាងសង់រួចរាល់ ផ្លូវជាតិលេខ៣នឹងដាក់កាមេរ៉ាចាប់យានយន្តលើសល្បឿនកំណត់ចំនួន ១០ទីតាំងផ្សេងៗគ្នាទាំងទៅទាំងមក ក្នុងនោះដែរក៏មានកាមេរ៉ាចាប់ល្បឿនមួយទៀតនៅលើទូរសព្ទដៃ ដែលអាចចាប់យានយន្ត លើសល្បឿនកំណត់ បានគ្រប់ទីតាំងផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា កាដាក់កាមេរ៉ាចាប់យានយន្តលើសល្បឿនកំណត់នេះ ដើម្បីជាការចូលរួមកាត់ចំណែកកាត់បន្ថយគ្រោះថ្នាក់ ចររាចរណ៍នៅលើដងផ្លូវ ដូចនេះហើយសូមបងប្អូនប្រជាពលរដ្ឋកុំបើកបរលឿនរហូតលើសល្បឿនកំណត់នៃច្បាប់។ លោកថា «សព្វថ្ងៃនេះគ្រោះថ្នាក់ចររាចរណ៍ដែលបង្កឱ្យមនុស្សស្លាប់ និងរងរបួសភាគច្រើននោះគឺបណ្តាល មកពីការបើកបរ លើសល្បឿនកំណត់នេះឯង ដែលមានរហូតទៅដល់ ៣៧ភាគរយ»។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ចំពោះផ្លូវថ្មីៗដែលគ្រោងសាងសង់ដែលមានដូចជាផ្លូវលេខ៣១ ផ្លូវលេខ៣៣ ផ្លូវលេខ៤១ គឺបានត្រៀមថវិកា រួចហើយដើម្បីទិញកាមេរ៉ា ចាប់ល្បឿនកំណត់នេះដាក់នៅតាមផ្លូវទាំងអស់នោះបន្ថែមទៀត ដូចនេះហើយសម្រាប់ការសាងសង់ផ្លូវថ្មីៗក្រោយៗទៀត នឹងមានកញ្ចប់ថវិកា រួចជាស្រេចសម្រាប់ដាក់កាមេរ៉ាចាប់ល្បឿនកំណត់នេះ។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត ប្រវែងជាង១៣៤គីឡូម៉ែត្រ គិតមកដល់ពេលនេះបានសាងសង់រួចរាល់ប្រមាណ៧៤% ហើយនៅចុងឆ្នាំ២០២០នេះ នឹងអាចចាក់កៅស៊ូបានរួចរាល់មួយស្រទាប់ លែងបង្ករឱ្យមានដីហុយខ្លាំងលើប្រជាពលរដ្ឋទៀតហើយ៕