ក្រុមហ៊ុន Panasonic នឹងដកយកផលិតកម្ម​ខ្លះ​ចេញ​ពីថៃ មកកាន់​វៀតណាមវិញ

(ថៃ)៖ ក្រុមហ៊ុនផលិតគ្រឿង​ប្រើប្រាស់ក្នុងផ្ទះ​ដ៏ធំមួយ​របស់​ជប៉ុន គឺក្រុមហ៊ុន Panasonic បាន​និយាយថា នៅឆ្នាំ​ក្រោយនេះ ខ្លួន​នឹង​រើ​រោងចក្រ​ផលិត​ទូ​ទឹកកក និងម៉ាស៊ីន​បោកខោអាវ ចេញពី​ប្រទេស​ថៃ មក​ដាក់​នៅ​ប្រទេស​វៀតណាមវិញ ។

យោងតាម​សេចក្ដីថ្លែងការណ៍របស់​ក្រុមហ៊ុន Panasonic ដែល​ដកស្រង់​ផ្សាយ​ដោយ​ ទីភ្នាក់ងារ​ព័ត៌មាន Reuters ឲ្យ​ដឹងថា ក្រុមហ៊ុន​ Panasonic នឹងរៀបចំ​ឡើងវិញ​នូវ​ទីតាំង​ផលិតកម្ម​របស់​ខ្លួន នៅតំបន់​អាស៊ីអាគ្នេយ៍ ហើយ​ផ្ទេរ​ផលិតកម្ម​ម៉ាស៊ីន​បោកគក់ និង​ទូទឹកកក ដែល​នៅប្រទេស​ថៃ មក​ដាក់​នៅ​វៀតណាមវិញ។ នៅប្រទេសថៃ ក្រុមហ៊ុន Panasonic នឹង​បញ្ចប់​ការងារ​បុគ្គលិកប្រហែល ៨០០នាក់ ដែល​ផែនការនេះ ត្រូវ​បាន​ក្រុមហ៊ុន​និយាយថា ជាផ្នែកមួយ​នៃ​ការ​ពង្រឹង​ប្រសិទ្ធភាពចំណាយ។ 

បើតាម​គម្រោងផែនការ ក្រុមហ៊ុន Panasonic Appliances (Thailand) និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និងអភិវឌ្ឍន៍ នឹងបិទទ្វារ​នៅដំណាច់ខែ​មីនា ឆ្នាំ​២០២១ ខាងមុខ។ ប៉ុន្តែ ទោះយ៉ាងណា នៅក្រោយការបិទទ្វារ​នេះ ក្រុមហ៊ុន Panasonic ក៏នឹងនៅមាន​បុគ្គលិកកម្មករជាង ១ម៉ឺន ៣ពាន់នាក់ទៀត នៅ​ប្រទេសថៃ ដែលធ្វើការងារលើ​ការផលិត​គ្រឿងប្រើប្រាស់តូចៗ និង​អាគុយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds