ការធ្វើអាជីវកម្មក្នុងវិស័យសំខាន់០៤ នឹងទទួលបានការបញ្ចុះតម្លៃអគ្គិសនី ២៥%ពីរដ្ឋ
(ភ្នំពេញ)៖ យ៉ាងហោចណាស់ អាជីវកម្មក្នុងវិស័យសំខាន់ៗចំនួន ៤ គឺឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដែលមានបរិយាកាសអំណោយផលអាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្មរបស់ខ្លួន ដើម្បី ជួយទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចំលងមេរោគកូវីដ-១៩នោះ នឹងទទួលបានការបញ្ចុះតម្លៃអគ្គិសនី ២៥% ពីរដ្ឋ។ នេះបើយោងតាមសេចក្ដីប្រកាសមួយ របស់ក្រសួងរ៉ែ និងថាមពល។
ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ១៩ ខែឧសភានេះ បានប្រកាស ដាក់ឲ្យអនុវត្តនូវផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី នៅក្នុងវិស័យសំខាន់ចំនួន៤របស់កម្ពុជា រួមមានវិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដោយការអនុគ្រោះបញ្ចុះថ្លៃលើការប្រើប្រាស់អគ្គិសនីនេះ នឹងមានចាប់ពីខែមិថុនា ដល់ខែតុលាឆ្នាំ២០២០។ក្នុងប្រកាសនោះ ក្រសួងរ៉ែ និងថាមពល ក៏នឹងកាត់បន្ថយថ្លៃអគ្គិសនីចំនួន ២៥% លើការបង់ថ្លៃអគ្គិសនីដែលបានប្រើលើសពីចំនួនប្រើប្រចាំខែមធ្យមក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលមានបរិយាកាសអំណោយផលអាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្មរបស់ខ្លួន ជួយទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចំលងមេរោគកូវីដ-១៩ផងដែរ។
លើសពីនេះទៀត ការអនុគ្រោះ និងលើកទឹកចិត្ត ចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មនេះ មានគោលដៅ កែសម្រួលការបង់ថ្លៃប្រើប្រាស់អគ្គសិនី ដើម្បីជួយសម្រួលទាំងការលំបាក ក្នុងការបង់ថ្លៃអគ្គិសនី របស់ទីតាំង ដែលបានព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម និងរួមទាំង ជួយលើកទឹកចិត្តចំពោះទីតាំងដែលមានបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬ អាជីវកម្ម ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល បានពន្យល់ថា កាលពីមុនរោងចក្រសហគ្រាស ដែលទិញអគ្គិសនីពី អគ្គិសនីកម្ពុជាយកទៅប្រើប្រាស់ គឺត្រូវបង់ថ្លៃលើលក្ខខណ្ឌអានុភាពអគ្គិសនីផង និងត្រូវបង់ថ្លៃលើចំនួនគីឡូវ៉ាត់ម៉ោងដែលការប្រើប្រាស់អគ្គិសនីផង។ ប៉ុន្ដែ ដោយរាជរដ្ឋាភិបាលមានការអនុគ្រោះ ចំពោះរោងចក្រសហគ្រាស និងអាជីវកម្មដែលរងផលប៉ះពាល់ព្រោះតែកូវីដ-១៩ ចាប់ពីខែក្រោយនេះទៅ រោងចក្រសហគ្រាស ក៏ដូចជាអាជីវកម្ម ដែលស្ថិតនៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម គឺមិនតម្រូវឲ្យបង់ថ្លៃអានុភាពអគ្គិសនីតទៅទៀតទេ ពោលគឺបង់តែតម្លៃអគ្គិសនី ទៅតាមគីឡូវ៉ាត់ម៉ោង ដែលប្រើប្រាស់ជាក់ស្ដែងតែប៉ុណ្ណោះ។
ដោយឡែកចំពោះ ទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលមិនរងការប៉ះពាល់ធំដុំ អាចបន្តដំណើរការផលិតកម្ម ឬអាជីវកម្មរបស់ខ្លួនបានជាធម្មតាប្រហាក់ប្រហែលពេលមុននោះ ក្រសួងថាមពលនឹង រក្សាស្ថានភាពផ្គត់ផ្គង់ និងការបង់ថ្លៃអគ្គិសនីដូចមុន ដោយមិនមានការកែប្រែឡើយ។បើតាម ឯកឧត្តម វិចទ័រ ហ្សូនា ការអនុវត្តការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីនេះ នឹងផ្ដល់ជូនទៅកាន់រោងចក្រសហគ្រាសទាំងអស់ ទាំងខ្នាតតូច មធ្យម និងខ្នាតធំ នៅទូទាំងប្រទេស ហើយខាងអគ្គិសនីកម្ពុជានឹងចាប់ផ្ដើមធ្វើការងារ ដោយមិនចាំបាច់ឲ្យរោងចក្រសហគ្រាសមកដាក់ពាក្យស្នើសុំនោះទេ ដោយវានឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមិថុនាតទៅ។ ក្រុមម្ចាស់សហគ្រាសក្នុងស្រុក បានសាទរចំពោះការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានាពេលនេះ ដោយបានលើកឡើថា វាជារឿងមួយប្រសើរណាស់ ដែលរាជរដ្ឋាភិបាលបានគិតគូរពីបញ្ហាអគ្គិសនីនេះ ព្រោះការចំណាយប្រចាំខែលើថ្លៃអគ្គិសនី គឺជាបន្ទុកចំណាយមួយធំគួរសមដែរ ចំពោះរោងចក្រសហគ្រាសនៅកម្ពុជា ខណៈដែលបច្ចុប្បន្នពួកគេកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ថែមទៀតនោះ៕