រដូវភ្លៀងធ្លាក់បានមកដល់ និងរដូវមូសខ្លាក៏មកដល់ដែរ សូមការពារកូនៗរបស់អ្នកពីជម្ងឺគ្រុនឈាម ដោយត្រូវដឹងពីរោគសញ្ញាទាំងអស់នេះ
(សុខភាព)៖ ជំងឺដែលឧស្សាហ៍កើតលើក្មេងៗនាខែភ្លៀងមានច្រើន តែក្នុងនោះជំងឺគ្រុនឈាមគួរឲ្យព្រួយបារម្ភជាងគេ ព្រោះជាជំងឺធ្ងន់ធ្ងរ អាចឆក់យកជីវិតកុមារលឿនបំផុត។ ភ្នាក់ងារចម្លងជំងឺគ្រុនឈាម គឺមូសខ្លាញី វាខាំតែនៅពេលថ្ងៃប៉ុណ្ណោះ។
តាមរយៈបទសម្ភាសន៍ជាមួយនាយកមន្ទីរពេទ្យកុមារជាតិ វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាពេលកន្លងមក លោកបានឲ្យដឹងថា មូលហេតុដែលក្មេងកើតជំងឺគ្រុនឈាមឈានទៅគ្រោះថ្នាក់ដល់ជីវិតនោះ បណ្តាលមកពីការបញ្ជូនកូនមកពេទ្យយឺតយ៉ាវ ឬព្យាបាលមិនត្រឹមត្រូវតាមក្បូនពេទ្យ និងប្រើថ្នាំផ្សំផ្តេសផ្តាស។ ការធ្វើរោគវិនិច្ឆ័យបានលឿន និងការព្យាបាលត្រឹមត្រូវ ត្រឹមតែរយៈពេល ៧-៨ ថ្ងៃ ក្មេងដែលកើតជំងឺគ្រុនឈាម សឹងតែ ១០០ នាក់ ជាទាំង ១០០ នាក់ ឯអត្រាស្លាប់មិនដល់ ១ នាក់ផង។
រោគសញ្ញាជំងឺគ្រុនឈាម ៖
– ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ
– មុខក្រហម
– ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ
– ចង់ក្អួត ឬក្អួត
– ឈឺពោះ
– ឈឺសាច់ដុំ និងសន្លាក់ដៃជើង
– មានស្នាមអុចៗក្រហមលើស្បែក
– ហូរឈាមតាមអញ្ចាញធ្មេញជាដើម។
វិធីបង្ការជំងឺគ្រុនឈាម ៖
– បំបាត់ជម្រកមូសខ្លា នៅតាមសំបកកង់ឡាន-ម៉ូតូ និងកំប៉ុងចាស់ៗ
– កម្ចាត់ដង្កូវទឹកនៅក្នុងពាង អាង ថូផ្កា ថ្លុក ឬវត្ថុដក់ទឹកផ្សេងទៀត
– គ្របពាង ឬអាងទឹកឲ្យជិត
– ដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹក ឬចិញ្ចឹមកូនត្រី ៧ ពណ៌
– គ្រប់គ្រង កប់ ឬកម្ទេច វត្ថុដែលអាចដក់ទឹក បង្កើតជាជម្រកមូសខ្លា
– គេងក្នុងមុង
– ពាក់ខោអាវជិតៗ មានពណ៌ចាំងៗ
– លាបក្រែម ឬបាញ់ស្ព្រៃយ៍ការពារមូសខាំពេលចេញទៅកន្លែងងងឹត៕