Thai Airways ត្រូវបានគណៈរដ្ឋមន្ត្រីថៃ យល់ព្រមឲ្យប្រកាសក្ស័យធន

(ថៃ)៖ នៅទីបំផុត គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានសម្រេចឲ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវតែធ្វើការស្ដារនីតិសម្បទា តាមរយៈការប្រកាសក្ស័យធនដោយតុលាការ ដោយការសម្រេចនេះ ត្រូវបានលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ចាត់ទុកថា គឺជាការលំបាកមួយ តែវាជារឿងចាំបាច់ត្រូវតែធ្វើ។
លោក ប្រាយុទ្ធ ក៏បានទទូចឲ្យគណៈរដ្ឋមន្ត្រីថៃ សម្រេចចិត្តបោះបង់ចោលការផ្ដល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នេះ ព្រោះតែត្រូវការសន្សំប្រាក់ទុកសម្រាប់គម្រោងផ្ដល់ជំនួយ ដែលចាំបាច់ ដើម្បីកាត់បន្ថយវិបត្តិកូវីដ-១៩ និងពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។

លោក ប្រាយុទ្ធ និយាយថា «នៅថ្ងៃនេះ ខ្ញុំបានធ្វើការសម្រេចចិត្តដ៏លំបាកមួយ ទាក់ទងនឹងក្រុមហ៊ុនអាកាសចរណ៍ Thai Airways។ ប៉ុន្ដែ វាគឺជាអ្វីតែមួយ ដែលខ្ញុំដឹងថា វាគឺជាផលប្រយោជន៍ធំធេងសម្រាប់សាធារណជន និងប្រទេសជាតិរបស់យើង»។លោកនាយករដ្ឋមន្ត្រីថៃបន្ថែមថា រាជរដ្ឋាភិបាល មានជម្រើសបី គឺទី១ រកលុយបន្ថែមទៀត ដើម្បីយកមករក្សាដង្ហើមរស់របស់ក្រុមហ៊ុននេះ, ទី២ គឺទុកឲ្យវាក្ស័យធនដោយខ្លួនឯង និងទី៣ ឲ្យក្រុមហ៊ុននេះត្រូវបានប្រកាសក្ស័យធនដោយតុលាការ និងអនុម័តឲ្យមានគម្រោងការស្ដារនីតិសម្បទា។ ហើយជាចុងក្រោយ រាជរដ្ឋាភិបាលថៃ បានជ្រើសយកជម្រើសទី៣។បើតាមក្រសួងដឹកជញ្ជូនថៃ ពាក្យបណ្ដឹងក្ស័យធន ដើម្បីឲ្យមានការស្ដារនីតិសម្បទាឡើងវិញនេះ នឹងត្រូវដាក់ទៅកាន់តុលាការទាំងនៅក្នុងប្រទេសថៃផង និងសហរដ្ឋអាមេរិកផង ខណៈដែលមានប្រមាណ ៣៥% នៃម្ចាស់បំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នេះ គឺមាននៅសហរដ្ឋអាមេរិក។កន្លងមកគោលបំណងក្នុងការជួយសង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ជាតិថៃមួយនេះ មិនមានប្រសិទ្ធភាពដោយសារតែមានការរាំងស្ទះផ្នែកច្បាប់ ពិសេសច្បាប់ការងារ និងច្បាប់សហគ្រាសរដ្ឋ ដែលវាបានធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងមានភាពស្មុគស្មាញ ក្នុងការកែទម្រង់ក្រុមហ៊ុននេះ។ការស្ដារនីតិសម្បទានេះ នឹងពាក់ព័ន្ធនឹងការកាត់បន្ថយចំណែកភាគហ៊ុនធំរបស់ក្រសួងហិរញ្ញវត្ថុថៃ នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ និងធ្វើឲ្យក្រុមហ៊ុននេះ បាត់បង់នូវភាពជាសហគ្រាសរដ្ឋរបស់ខ្លួន។នាយករដ្ឋមន្ត្រីថៃ បញ្ជាក់ថា ក្រុមហ៊ុន Thai Airways គួរតែត្រូវបានអនុញ្ញាតឲ្យបន្តប្រតិបត្តិការដើម្បីបង្កើតប្រាក់ចំណូល ដូច្នេះវាអាចទទួលការពង្រឹងអាជីវកម្មឡើងវិញ។

សេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារទី ១៩ ខែឧសភានេះ បានដាក់ចេញនូវផែនការស្ដារឡើងវិញដែលត្រូវបានរៀបចំដោយក្រុមហ៊ុន Thai Airways និងគណៈកម្មាធិការគោលនយោបាយសហគ្រាសរដ្ឋ ដែលអនុគ្រោះដល់ក្រសួងហិរញ្ញវត្ថុ ដើរតួជាអ្នកធានាសម្រាប់ប្រាក់កម្ចី ៥៤ ពាន់លានបាត (១,៧ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍នេះ។លោកប្រាយុទ្ធ បានទទូចថា រាជរដ្ឋាភិបាល ត្រូវតែមានការប្រុងប្រយ័ត្ន ជាមួយនឹងការចំណាយរបស់ខ្លួន ដោយផ្ដល់ប្រាក់កម្ចីសង្គ្រោះកូវីដ-១៩ ដ៏ធំសម្បើម ដែលខ្លួនបានដកយកទៅជួយក្រុមហ៊ុននេះ។ លោកបានបញ្ជាក់ទៀតថា ប្រាក់ដែលបានបម្រុងទុក សម្រាប់ការផ្ដល់កម្ចីដល់ក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ អាចនឹងត្រូវចំណាយកាន់តែប្រសើរក្នុងការជួយដល់អ្នកដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។លោកប្រាយុទ្ធ និយាយយ៉ាងដូច្នេះថា «យើងត្រូវការគិតលើការចំណាយរបស់យើង ដោយមានការប្រុងប្រយ័ត្ន ឥឡូវនេះ ការរាតត្បាតបានធ្វើឲ្យមានផលប៉ះពាល់។ ការចំណាយនេះ គឺសម្រាប់ស្ថានភាពសម្លាប់រស់របស់ប្រជាជនរបស់យើង»។ បើតាមការអះអាងរបស់លោក អ៊ុតតាម៉ា សុវណ្ណា យ៉ាណា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា ការិយាល័យគោលនយោបាយសហគ្រាសរដ្ឋ នឹងដាក់ចេញផែនការ កាត់បន្ថយចំណែកភាគហ៊ុនរបស់ក្រសួងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Thai Airways ពី ៥១,០៣% នាពេលបច្ចុប្បន្ន មកនៅក្រោម ៥០%វិញ ដែលវាអាចនឹងបញ្ចប់ភាពជាសហគ្រាសរដ្ឋរបស់ក្រុមហ៊ុននេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds