ក្រសួងសុខាភិបាល ស្នើក្រសួងវប្បធម៌ឱ្យបើកសារមន្ទីរឡើងវិញ
(ភ្នំពេញ)៖ តាមរយៈលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានបញ្ជាក់ថា ក្រសួងសុខាភិបាល សូមធ្វើការណែនាំជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈថា មុនពេលបើកដំណើរការនូវសារមន្ទីរឡើងវិញនេះ ត្រូវរៀបចំវិធានការការពារនានាឱ្យរួចជាមុន ដើម្បីចៀសវាងនូវហានិភ័យ នៃការចម្លងវីរុសកូវីដ១៩ ដូចជាការស្កេនកំដៅភ្ញៀវ មុនអនុញ្ញាតឱ្យចូលទស្សនា មានប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឱ្យបានគ្រប់បុគ្គល (ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការនៅទីនោះ) និងមិនត្រូវអនុញ្ញាតឱ្យបុគ្គលណាម្នាក់ ដែលមានបញ្ហាសុខភាព ឬសង្ស័យ ចូលទស្សនាសារមន្ទីរឡើយ។
បើតាមលិខិតរបស់ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល គឺថ្វីត្បិតតែស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានេះ មិនមានរកឃើញករណីឆ្លងថ្មីជាងមួយខែ អ្នកឈឺបានព្យាបាលជាសះស្បើយ១០០ភាគរយ និងមិនមានករណីស្លាប់ក៏ពិតមែន ហើយភាគច្រើនលើសលុបសុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេស ក៏ប៉ុន្តែកម្ពុជា ត្រូវតែប្រកាន់យកការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះការប្រឈមទៅនឹងការកើតឡើងនូវរលកទី២ នៃការចម្លងវីរុសកូវីដ១៩ ជាពិសេសការចម្លងនៅក្នុងសហគមន៍ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់នយោបាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ ដែលពិបាកធ្វើការប៉ាន់ស្មាន៕