ក្រុមហ៊ុន ជីប ម៉ុង នឹងប្រែក្លាយគម្រោងទីក្រុងរណបហ្គ្រេនភ្នំពេញ ទៅជាទីក្រុងមួយដ៏អស្ចារ្យ

(ភ្នំពេញ) ក្រុមហ៊ុនជីប ម៉ុង លែន ដែលបានទិញយកទ្រព្យសកម្ម និងអាជីវកម្មទាំងស្រុងរបស់គម្រោងទីក្រុងរណបហ្គ្រេនភ្នំពេញកាលពីឆ្នាំមុននោះ បានប្រកាសពីមហិច្ឆតារបស់ខ្លួន ក្នុងការប្រែក្លាយទីក្រុងរណប ហ្គ្រេនភ្នំពេញ ដែលធ្លាប់តែស្ងប់ស្ងាត់ ទៅជាទីក្រុងដ៏អស្ចារ្យ សម្រាប់ការរស់នៅ ធ្វើពាណិជ្ជកម្ម និងផ្ទៃបៃតង។

លោកឧកញ៉ា លាង ហេនរី អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានអះអាងថា ក្រុមហ៊ុនបានចំណាយពេលវេលារាប់សិបខែមកហើយ ក្នុងការសម្រេចបាននូវការរៀបចំប្លង់មេសម្រាប់ការអភិវឌ្ឍទីក្រុងរណបហ្គ្រេនភ្នំពេញនេះ ហើយបច្ចុប្បន្នក្រុមហ៊ុនក៏បាននិងកំពុងសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតផងដែរ។ លោក លាង ហេនរី គូសបញ្ជាក់ទៀតថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងប្រែក្លាយទីក្រុងរណបមួយនេះ ទៅជាទីក្រុងមួយដ៏អស្ចារ្យ សម្រាប់ការរស់នៅ ការធ្វើពាណិជ្ជកម្ម និងពោរពេញដោយផ្ទៃបៃតង។ កាលពីព្រឹកថ្ងៃទី ១៨ ខែឧសភានេះ ក្រុមហ៊ុនជីប ម៉ុង លែន ក៏ទើបតែបានបុកគ្រឹះសាងសង់នូវគម្រោងបុរីលំនៅដ្ឋានដំបូងរបស់ខ្លួន នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញនេះដែរ តាំងបានទិញយកទីក្រុងរណបនេះមក។ ក្រៅពីនេះ តាមផែនការ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងមានសាងសង់នូវសួនច្បារដ៏ធំ Central Park ដំបូងបំផុតនៅកម្ពុជា រួមជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលកីឡាដ៏ធំសម្បើម ក៏នឹងមានវត្តមាននៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញនេះផងដែរ។បើតាមលោកឧកញ៉ា លាង ហេនរី ទីក្រុងរណបហ្គ្រេនភ្នំពេញ គឺមានផ្ទៃដីសរុបជាង ២៦០ ហិកតា ហើយបច្ចុប្បន្នទីក្រុងរណបនេះ នៅមានផ្ទៃដីសល់ទំនេរជាច្រើនដើម្បីអភិវឌ្ឍគម្រោងធំៗនានា ដែលបានរៀបចំទៅតាមប្លង់មេ។ លោកបន្ថែមថា ក្រុមហ៊ុនបានចំណាយពេលវេលាជាច្រើនខែ និងវិស្វករជំនាញពីបរទេស ដើម្បីរៀបចំប្លង់មេសម្រាប់ការអភិវឌ្ឍទីក្រុងរណបមួយនេះ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។
លោកឧកញ៉ា លាង ហេនរី បានគូសបញ្ជាក់ទៀតថា សម្រាប់គម្រោងលំនៅដ្ឋានទី១ ដែលក្រុមហ៊ុនជីបម៉ុង បានបុកគ្រឹះសាងសង់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញនេះ គឺមានផ្ទៃដីជាង៥០ហិកតា ដែលប្រើទុនអភិវឌ្ឍរាប់រយលានដុល្លារអាមេរិក។ លោកឧកញ៉ា បន្ថែមថា បើទោះបីមានបញ្ហាកូវីដ-១៩ កំពុងរីករាលដាលជាសកល និងបានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាមួយចំនួនក៏ដោយចុះ ប៉ុន្ដែ ចំពោះក្រុមហ៊ុនជីបម៉ុង គឺនៅតែមានជំនឿចិត្តចំពោះទីផ្សារអចលនទ្រព្យនៅកម្ពុជា ខណៈដែលក្រុមហ៊ុននេះ បានចាក់ស្រេះយ៉ាងរឹងមាំក្នុងសេដ្ឋកិច្ចកម្ពុជាប្រមាណ ៤ទសវត្សរ៍មកហើយ។ សូមបញ្ជាក់ថា គម្រោងទីក្រុងរណប ហ្គ្រេន ភ្នំពេញនេះ ត្រូវបានក្រុមហ៊ុន ជីប ម៉ុង លែនទិញយកទ្រព្យសម្បត្តិសកម្ម និងអាជីវកម្មទាំងស្រុង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds