រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសង់ផ្លូវស្របតាមដងទន្លេសាបពីស្ពានជ្រោយចង្វារ ទៅមហាវិថីឈ្នះឈ្នះ
(ភ្នំពេញ)៖ តាមការចុះផ្សាយរបស់ AKP ដែលដកស្រង់សម្តី លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងរួចហើយនូវការសាងសង់ផ្លូវថ្មីចំនួន២ខ្សែ ដោយខ្សែទី១ភ្ជាប់ពីផ្លូវ OCIC ឆ្ពោះទៅវិមានឈ្នះឈ្នះតែម្តង។ ខ្សែទី២គឺជាផ្លូវស្របតាមដងទន្លេសាបពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិនឆ្ពោះទៅដល់ចំណុចស្ពានលីយ៉ុងផាត់ (បុកមកមហាវិថីឈ្នះឈ្នះដែរ)។
លោកបន្ថែមថា នេះជាគម្រោងរបស់សាលារាជធានីភ្នំពេញដែលគ្រោងនឹងសាងសង់ផ្លូវពីរខ្សែថ្មីនេះឱ្យរួចរាល់នៅក្នុងឆ្នាំ២០២២ ពោលគឺមុនការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលផ្លូវ២ខ្សែនេះនឹងជួយរំដោះការកកស្ទះពីផ្លូវជាតិលេខ៦បាន ខណៈព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថា នឹងមានអ្នកចូលរួមទស្សនាពី ៥ ទៅ ៦ម៉ឺននាក់។
ចំណែកលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងថា៖ «យើងទទួលបានព័ត៌មានល្អពីសាលារាជធានីភ្នំពេញនៃគម្រោងកសាងផ្លូវបេតុងថ្មី២ខ្សែ និងទទួលបានការលើកទឹកចិត្តឱ្យគណៈកម្មការជំនាញរួមគ្នាធ្វើការងារនេះឱ្យរួចរាល់នូវផែនការការងាររបស់ខ្លួន និងជំរុញផែនការទាំងអស់ឱ្យដល់គោលដៅ តាមអ្វីដែលយើងចង់បាន ដើម្បីឱ្យរួចរាល់ក្នុងការទទួលស្វាគមន៍ និងដើម្បីធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យជាប្រវត្តិសាស្ត្រ»៕
ប្រភព៖ AKP