ថ្ងៃអង្គារនេះ ប្រទេសមីយ៉ាន់ម៉ារកឃើញអ្នកឆ្លង COVID-19 ថ្មីៗ៣នាក់ទៀត ធ្វើអោយចំនួនសរុបកើនដល់ ១៩១ករណី
(មីយ៉ាន់ម៉ា)៖ ចំនួនករណីឆ្លងជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើតឡើងរហូតដល់ ១៩១ករណីហើយ បន្ទាប់ពីសេចក្តីប្រកាសនៅព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរបានរកឃើញអ្នកឆ្លងថ្មី ០៣នាក់បន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ដោយឡែកកាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ក៏បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីម្នាក់ផងដែរ ដូច្នេះសរុបរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ មីយ៉ាន់ម៉ាបានរកឃើញអ្នកឆ្លងជំងឺនេះសរុប ០៤នាក់ ក្នុងនោះ ០២នាក់នៅរដ្ឋរ៉ាឃីនភាគខាងលិចប្រទេស, ម្នាក់នៅតំបន់ ម៉ាកវ៉ាយ (Magway) និងម្នាក់ទៀតនៅអាយ៉េយ៉ាវ៉ាឌី (Ayeyarwady)។
គិតចាប់តាំងពីជំងឺ COVID-19 ផ្ទុះឡើងនៅមីយ៉ាន់ម៉ាដំបូង កាលពីថ្ងៃទី២៣ ខែមីនា មនុស្សសរុប ១៩១នាក់បានឆ្លងជំងឺនេះ ដោយក្នុងនោះ ០៦នាក់ស្លាប់ និង ១០១នាក់ជាសះស្បើយ៕