ចិនដាក់បញ្ជាឲ្យពលរដ្ឋ ១០០លាននាក់ផ្ដាច់ខ្លួននៅផ្ទះជាថ្មី ក្រោយមានសញ្ញាផ្ទុះកូវីដរលកទីពីរ

(ចិន)៖ ប្រជាជនប្រមាណ ១០៨លាននាក់នៅក្នុងតំបន់ភាគឦសានរបស់ប្រទេសចិនកំពុងធ្លាក់ចូលក្នុង ស្ថានភាពជាប់គាំងជាថ្មី ស្របពេលការឆ្លងនិងរីករាលដាលនូវវីរុសកូវីដ១៩ជាចង្កោមថ្មីៗ បណ្តាលឱ្យការវិលត្រឡប់ទៅរកភាពប្រក្រតីរបស់ប្រទេសនេះត្រូវមានឧបសគ្គ។

ផ្ទុយស្រឡះពីការបើកដំណើរការឡើងវិញនៅទូទាំងប្រទេស ទីក្រុងនានាក្នុងខេត្តជីលីន (Jilin) បានកាត់ផ្តាច់រថភ្លើង និងឡានក្រុង បិទសាលារៀន និងមានមនុស្សរាប់ម៉ឺននាក់ត្រូវបានដាក់ឲ្យនៅដោយឡែក។

ទីក្រុង ស៊ូឡាន (Shulan) ដែលមានប្រជាជន ៦០ ម៉ឺននាក់ស្ថិតនៅក្នុងខេត្តជីលីន បានរឹតបន្តឹងវិធានការនៅដាច់ដោយឡែកកាលពីម្សិលមិញ ដោយហាមឃាត់ប្រជាជនមិនឱ្យចាកចេញពីបរិវេណជុំវិញផ្ទះរបស់ពួកគេ ស្របពេលដែលមានករណីឆ្លងថ្មីៗត្រូវបានរកឃើញ និងករណីសង្ស័យជាច្រើន។

ទីក្រុងជីលីនដែលជាទីក្រុងធំរបស់ខេត្តជីលីនក៏បានបិទតំបន់មួយក្នុងចំណោមស្រុករបស់ខ្លួនផងដែរ បន្ទាប់ពីផ្លាស់ប្តូរកម្រិតអាសន្នក្នុងតំបន់ទៅជា “ហានិភ័យខ្ពស់” (high-risk)។

អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថាសម្រាប់រយៈពេលបីថ្ងៃកន្លងទៅមន្រ្តីសុខាភិបាលខេត្តបានធ្វើតេស្តប្រជាជនជាង ៤ ម៉ឺននាក់នៅក្នុងទីក្រុងជីលីន និងស៊ូឡានដើម្បីទប់ស្កាត់ការផ្ទុះរលកទីពីរនេះ។

មន្រ្តីចំនួន ៦ នាក់ដែលម្នាក់មកពីក្រុងស៊ូឡាន និង ៥ នាក់ទៀតមកពីទីក្រុងជីលីន ត្រូវបានដកចេញពីមុខតំណែងរបស់ពួកគេបន្ទាប់ពីមានការលេចចេញនូវការឆ្លងជាចង្កោមថ្មីៗក្នុងតំបន់របស់ខ្លួន។

បន្ទាប់ពីប្រឈមមុខនឹងការរិះគន់ជាសកលចំពោះការឆ្លើយតបយឺតយ៉ាវរបស់ខ្លួនចំពោះការផ្ទុះឡើងរបស់អ៊ូហាន រដ្ឋបាលរបស់លោកប្រធានាធិបតី ស៊ី ជីនពីង កំពុងចាត់វិធានការដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគនៅភាគឦសាននេះ។ វិធានការដ៏តឹងរ៉ឺងបានធ្វើឱ្យអ្នកស្រុកជាច្រើនមានការភ័យខ្លាចខណៈដែលមុននេះពួកគេបានគិតថាការរីករាលដាលដ៏អាក្រក់បំផុតរបស់ប្រទេសបានចប់ហើយ។

ខណៈដែលការឆ្លងជាចង្កោមចំនួន ៣៤ ក្រុមថ្មី មិនមានការរាលដាលឆាប់រហ័សដូចការផ្ទុះ ឡើងនៅអ៊ូហានកាលពីខែធ្នូនោះ ប្រតិកម្មរហ័ស និងខ្លាំងក្លារបស់ចិនបានឆ្លុះបញ្ចាំងពីការភ័យ ខ្លាចនៃរលកទីពីរ បន្ទាប់ពីអាជ្ញាធរចេញវិធានការ ទប់ស្កាត់ការរីករាលដាលវីរុសទោះត្រូវខាតបង់ ក្នុងសេដ្ឋកិច្ចយ៉ាងខ្លាំង។

អារម្មណ៍ភ័យខ្លាចកំពុងពុះកញ្ជ្រោលនៅទីក្រុងជីលីនដែលបានឆ្លងកាត់ការរឹតត្បិតយ៉ាងតឹងរ៉ឹងដូចដែលត្រូវបានអនុវត្តនៅក្នុងតំបន់ភាគច្រើននៃប្រទេសចិនក្នុងខែកុម្ភៈនិងមីនា ទោះបីរបាយការណ៍ប្រចាំថ្ងៃនៅតំបន់នេះរកឃើញអ្នកឆ្លងថ្មីក្រោម១០នាក់ក្ដី។

មកទល់ពេលនេះ ករណីឆ្លងសរុបរបស់ខេត្តជីលីនមានចំនួន ១២៧ ករណី ខណៈខេត្តហ៊ូប៉ីមាន ៦៨០០០ នាក់។

ទោះយ៉ាងណា សេវាកម្មដឹកជញ្ជូនភាគច្រើនត្រូវបានបញ្ឈប់ ហើយថ្នាំប្រឆាំងនឹងគ្រុនក្តៅត្រូវបានហាមឃាត់នៅតាមហាងឱសថ ដើម្បីការពារកុំឲ្យប្រជាជនលាក់បាំងរោគសញ្ញារបស់ពួកគេ។

ភាពតានតឹងបានរាលដាលដល់តំបន់ក្បែរៗនោះដែរ បើទោះបីមិនទាន់មានករណីណាមួយត្រូវបានគេរាយការណ៍ជាផ្លូវការនៅកន្លែងទាំងនោះនៅឡើយក្ដី ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds