លោក ពេជ្រ ស្រស់៖ មិនគួរណាបុគ្គល ខាន់ សុវណ្ណ សរសេរសំណេរមានលក្ខណៈ ប្រមាថព្រះសង្ឃដែលជាសាវ័ករបស់ព្រះពុទ្ធ និងជាអ្នកទ្រទ្រង់សាសនាព្រះពុទ្ធដូច្នេះសោះ
(ភ្នំពេញ)៖ ក្រោយពីមានការលើកឡើងពីលោកខាន់ សុវណ្ណ ទាក់ទងទៅនឹងសំណេរថា«ចាត់ការផ្សឹកលោកសង្ឃដែលកំពុងពេញកម្លាំងក្រោមអាយុ៥៦ឆ្នាំចោលឱ្យអោយអស់» លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះ លោក ខាន់ សុវណ្ណ ចំពោះអ្វីដែលជាការលើកឡើងនេះ ដែលលោកចាត់ទុកថានេះជាទង្វើដែលជាន់ឈ្លីដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
នៅលើគណនីហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់បានសរសេរយ៉ាងដូច្នេះថា« ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនានៃជាតិខ្មែរយើង មិនគួរណាបុគ្គលម្នាក់នេះ (ខាន់ សុវណ្ណ ) សរសេរសំណេរមានលក្ខណៈ ប្រមាថព្រះសង្ឃដែលជាសាវ័ករបស់ព្រះពុទ្ធ និងជាអ្នកទ្រទ្រង់សាសនាព្រះពុទ្ធដូច្នេះសោះ ហើយសាសនាព្រះពុទ្ធគឺជាសាសនារបស់រដ្ឋកម្ពុជាយើង ក្នុងនាមខ្ញុំជាពុទ្ធសាសនិកជនមួយរូប សូមថ្កោលទោសម្នាក់នេះយ៉ាងដាច់អហង្ការ»។
សូមជម្រាបថាក្រៅពីការលើកឡើងរបស់ លោកពេជ្រ ស្រស់ មហាជនមួយចំនួន ជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ពួកគាត់មានការរិះគន់ទៅលើបុគ្គល ខាន់ សុវណ្ណ ផងដែរទាក់ទងទៅនឹងការប្រមាថទៅដល់ព្រះសង្ឃទូទាំងប្រទេសជាពិសេស ជាពិសេសពួកគេពិតការលើកឡើងរបស់បុគ្គល ខាន់ សុវណ្ណ គឺជាការជាន់ពន្លិចនិងមើលស្រាលទៅដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋកម្ពុជាជាច្រើនកំពុងតែគោរពប្រតិបត្តិជារៀងរាល់ថ្ងៃនោះ៕