ឧកញ៉ា អចលនទ្រព្យ សៀ ឫទ្ធី បង្ហើបគន្លឹះ ៣យ៉ាង ដើម្បីទិញដីចំណេញប្រាក់

(ភ្នំពេញ)៖ការវិនិយោគទិញលក់អចលនទ្រព្យ ដូចជា ដីធ្លី ផ្ទះសម្បែង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានភាពពេញនិយមខ្លាំង ខណៈដែលមួយរយៈចុងក្រោយនេះ គម្រោងពុះដីឡូត៌ និងបុរី បាននិងកំពុងរីកសាយភាយកាន់តែខ្លាំងឡើង។ ទោះយ៉ាងណា បើតាមអ្នកជំនាញការវិនិយោគលើអចលនទ្រព្យ ក៏ទាមទារឲ្យអ្នកវិនិយោគ ទាំងបុគ្គល ក៏ដូចជាក្រុមហ៊ុន ត្រូវមានភាពឆ្លាតវៃ និងយុទ្ធសាស្ត្រច្បាស់លាស់ ទើបអាចសម្រេជោគជ័យបាន។

មហាសេដ្ឋី និងជា​អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏ល្បីរន្ទឺ​មួយរូបនៅកម្ពុជា គឺ​លោក ឧកញ៉ា សៀ ឫទ្ធី មាន​គន្លឹះវិនិយោគ​ បី យ៉ាង ដើម្បី​ចែកជូន​លោកអ្នក ពិចារណា ដើម្បីទិញដី បានចំណេញប្រាក់។
គន្លឹះទាំង៣ យ៉ាងនេះ រួមមាន៖

១- ទិញដី ដែលស្របច្បាប់៖ លោកអ្នកត្រូវប្រាកដ​ថា ដីធ្លី ឬផ្ទះសម្បែង​ដែល លោកអ្នកចង់ទិញនោះ ត្រូវតែមានឯកសារ ប្លង់រឹងគ្រប់គ្រាន់ ទៅតាម​ច្បាប់ ឬមិនមែន​ជា​អចលនទ្រព្យ​ដែល​កំពុង​ស្ថិត​នៅក្នុងជម្លោះ នោះឡើយ។ ទោះបីតម្លៃរបស់វា​ ធូរថ្លៃជាងទីផ្សារ​ក៏ដោយ​អ្នកពុំគួរ​ប្រថុយទិញដី​ប្រភេទនេះ​នោះទេ ព្រោះវា​មានហានិភ័យខ្ពស់។

២- សិក្សា​ពីព័ត៌មានអំពី​សក្ដានុពល​នៃអចលនទ្រព្យ៖​ អ្នក​ត្រូវ​ចេះតាមដាន​ព័ត៌មាន នានាទាក់ទង​នឹង​ការអភិវឌ្ឍន៍ ពីសេស​ទិសដៅ និងផែនការ​របស់រាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍន៍ នៅតាមតំបន់នីមួយ។ អ្នកអាច​សិក្សាបាន ដោយផ្អែកទៅលើ​ការអង្កេតជាក់ស្ដែង ពីសន្ទុះនៃការអភិវឌ្ឍន៍ នៃតំបន់នីមួយ។ វា​មិនមែនជារឿង​លំបាកទេ សម្រាប់​ការអង្កេតនេះ អ្នកអាច​មើលបាន​តាមរយៈ​កំណើនគម្រោង​អភវិឌ្ឍន៍ ពិសេស​បុរីធំៗ បើកាលណាបុរី​ធំៗ​មានការ​សម្រុកទៅសាងសង់​នៅតំបន់នោះ ច្រើន អ្នកអាច​ទៅរក​ទិញដីម្ដុំក្បែរៗនោះ គឺមិនខុសទេ។ រៀន​បទពិសោធន៍​របស់គេ ដែលជា​អ្នកអភិវឌ្ឍន៍ធំៗ ដើម្បីយកមក​ធ្វើជាចំណេះ​របស់ខ្លួនឯង​សម្រាប់​ការ​វិនិយោគ​ដីធ្លី គឺជាភាពឆ្លាតវៃ​របស់​វិនិយោគិន។

៣- ចំណេះដឹង​ប្រើប្រាស់ហិរញ្ញវត្ថុ៖ ការទីញដីធ្លី ឬផ្ទះសម្បែង​ សម្រាប់​បច្ចុប្បន្ននេះ មិនចាំបាច់​ទាល់តែ​មាន​ដើមទុន​គ្រប់ទាំងអស់​ទើបអាចទិញបាននោះទេ ពោលគឺអ្នកអាច​ប្រើប្រាស់​កម្ចី​ធនាគារ​មកទិញដីធ្លី ឬផ្ទះសម្បែងនោះបាន។ ប៉ុន្ដែ ការទិញបង់រំលស់​អាច​ជាម្រើស​ល្អ ប្រសិនបើ​ដី ឬផ្ទះនោះ អាចជួលរក​ចំណូល​ត្រឡប់មកវិញ​បាន សម្រាប់​ការបង់​ការប្រាក់​ឲ្យធនាគារ។ ផ្ទុយទៅវិញ បើអ្នក​មានលុយ​មិនគ្រប់​តែ​រត់​ទៅរកខ្ចីបុលធនាគារ ដើម្បី​ទិញដី​យកមកទុក​ចោល ដេករង់ចាំចំណេញ ដោយមិនអាច​ជួលបន្ត​បាននោះ សូម​កុំទិញឲ្យសោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds