សម្តេចតេជោ ហ៊ុន សែន៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍គឺមិនត្រូវដកថយនោះទេ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញគាំទ្រយ៉ាងមុតមាំចំពោះការអនុវត្តន៍វិធានការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានការផាកពិន័យធ្ងន់ធ្ងរនោះ។ បើទោះបីមានការប្រតិកម្មខ្លះយ៉ាងណាក្តី តែសម្តេចតេជោនាយករដ្ឋមន្ត្រី ជំរុញឱ្យបន្តអនុវត្តន៍នូវវិធានការនេះ ដោយមិនត្រូវដកថយនោះឡើយ។ការនូវការគាំទ្រ និងជំរុញឱ្យបន្តអនុវត្តន៍វិធានការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកពីសំណាក់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងពេលសម្តេចអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។

 

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានដកស្រង់ប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រីមកបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជារងគ្រោះពេកហើយពីគ្រោះថ្នាក់ចរាចរណ៍។ យើងមានប្រជាជនតែ ១៥លាននាក់ តែអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសយើងចង់ស្មើនឹងវៀតណាម និងថៃ ដែលមានប្រជាជនជិត ៩០លាននាក់ និង ៧០លាននាក់។ ហេតុនេះការអនុវត្តច្បាប់ចរាចរណ៍ គឺមិនដកថយទេ»។

 

សូមបញ្ជាក់ថា ដោយមើលឃើញការកើនឡើងខ្ពស់នៃអត្រាគ្រោះថ្នាក់ចរាចរណ៍ និងបានផ្តាច់ផ្តិលអាយុជីវិតប្រជាពលរដ្ឋយ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ រាជរដ្ឋាភិបាលបានសម្រេចយកឆ្នាំ២០២០នេះ ជាប្រកាសអាសន្នសម្រាប់គ្រោះថ្នាក់ចរាចរណ៍។ នៅថ្ងៃទី០១ ខែឧសភា រាជរដ្ឋាភិបាល ក៏បានសម្រេចដាក់ចេញវិធានការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកជាមួយកម្រិតផាកពិន័យធ្ងន់ធ្ងរជាងមុនគុណនឹងពីរ គុណនឹងបីធៀបនឹងការផាកពិន័យចាស់។រយៈពេល១៤ថ្ងៃ នៃការរឹតបន្ដឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនេះ នគរបាលចរាចរណ៍ បានផាកពិន័យយានយន្ត ២២,៣៨១គ្រឿង ក្នុងនោះម៉ូតូ ១៦,៥៧៩គ្រឿង និងរថយន្ត ៥,៨០២គ្រឿង។

 

គេបានកត់សម្គាល់ឃើញថា រយៈពេល១៤ថ្ងៃនៃការអនុវត្តន៍វិធានការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍នេះ ធ្វើឱ្យប្រជាពលរដ្ឋអ្នកបញ្ជាយានយន្ត បានភ្ញាក់រលឹកស្មារតីក្នុងការអនុវត្តន៍តាមច្បាប់ចរាចរណ៍។ ជាពិសេសវិធានការនេះ បានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះច្រើនផងដែរ។រយៈពេល១៤ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៩៣លើក ស្លាប់ ៤៨នាក់ និងរបួស ១២២នាក់។ ចំនួននេះថយចុះច្រើនបៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds