ពីរបីថ្ងៃហើយដែលការដ្ឋានកំណាយនៅស្រះស្រង់រកឃើញអណ្តើកថ្ម ហើយហេតុអីបានជាមានអណ្តើកនៅក្នុងស្រះ?
សត្វអណ្តើកក្នុងពុទ្ធសាសនាត្រូវបានគេចាត់ទុកថាជាតំណាងព្រះពុទ្ធកស្សបៈដែលព្រះពុទ្ធទី៣នៃភទ្ទកប្បយើងនេះ។ នៅក្នុងពុទ្ធសាសនា យើងសព្វថ្ងៃនេះកំពុងស្ថិតនៅក្នុងភទ្ទកប្បដែលមានព្រះពុទ្ធ៥ព្រះអង្គត្រាស់ដឹងរួមមាន៖
ទី១៖ ព្រះពុទ្ធកក្កុសន្ធោ (មាន់ឈ្មោល)
ទី២៖ ព្រះពុទ្ធកោនាគមនោ (នាគ)
ទី៣៖ ព្រះពុទ្ធកស្សបោ (អណ្តើក)
ទី៤៖ ព្រះពុទ្ធសមណគោតម (គោឈ្មោល) យុគបច្ចុប្បន្ន ពុទ្ធសករាជ ២៥៦៤
ទី៥៖ ព្រះសិអាមិត្រិយ (ខ្លាកាន់សីល) ដែលនឹងត្រាស់ពេលអនាគត
រឿងរ៉ាវដើមកំណើតព្រះទាំង៥ព្រះអង្គនេះ ខ្ញុំធ្លាប់បានយកមករ៉ាយរ៉ាប់ម្តងរួចហើយ ប៉ុន្តែនាពេលនេះខ្ញុំសុំនិយាយពីរឿងទាក់ទងនឹងប្រពៃណីភ្ជុំបិណ្ឌ និងព្រះពុទ្ធកស្សបៈ។ ពួកបណ្តាប្រេតដែលស្រេកឃ្លានអាហាររាប់ស៊ិបឆ្នាំមកហើយក្នុងនរគឋាន តែងតែទៅសួរព្រះពុទ្ធគ្រប់អង្គដែលបានត្រាស់។ លុះមកដល់វេនព្រះពុទ្ធកស្សបៈត្រាស់ដឹងហើយនោះ ពួកប្រេតបានមកសួរព្រះពុទ្ធកស្សបៈអំពីអាហារ។ ព្រះពុទ្ធកស្សបៈទ្រង់សម្តែងថាពួកប្រេតទាំងអស់នឹងទទួលបានអាហារក្នុងវេលាសាសនារបស់ព្រះពុទ្ធសមណគោតមព្រោះថាពេលនោះញាតិរបស់ពួកបណ្តាប្រេតទាំងនោះគឺព្រះពិម្ពិសារនឹងធ្វើបុណ្យចំពោះព្រះពុទ្ធព្រះសង្ឃឧទ្ទិសកុសលថដល់ពួកប្រេតទាំងឡាយ។
លក្ខណៈគួរឲ្យកត់សម្គាល់មួយទៀតនៅក្នុងសិល្បៈពុទ្ធសាសនានោះគឺអណ្តើកតែងតែមានវត្តមានជានិច្ចក្នុងចំណោមសត្វ និងវត្ថុផ្សេងៗក្នុងពុទ្ធបាត្រនានា។
ពុទ្ធសាសនាមហាយាន (បែបចិន)
អណ្តើកនៅក្នុងសង្គមចិនមានសារៈសំខាន់បំផុតតាំងពីដើមប្រវត្តិសាស្រ្តរៀងមក។ អណ្តើកតំណាងឲ្យគតិបណ្ឌិត ភាពស្វិតស្វាញ ទ្រព្យសម្បត្តិ និងភាពអាយុវែងយូរអង្វែង។ ចិនជឿថាអណ្តើកជាសត្វមកឋានសួគ៏ហើយបង្កប់ដោយអាថ៏កំបាំងទាំងនៅឋានកណ្តាល និងឋានលើ។ នៅសម័យរាជវង្សសាងរបស់ចិន (១៧៦៦ ដល់ ១១២២មុនគ.ស) សំណាក់រាជវាំងបានប្រើប្រាស់ស្នូកអណ្តើកដើម្បីទស្សន៍ទាយអំពីរឿងរ៉ាវនាពេលអនាគត។
នៅក្នុងរឿងដំណើរឆ្ពោះទៅទិសខាងលិច អណ្តើកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចម្លងធម៌ ជាពិសេសគឺចម្លងព្រះតេជគុណថាំងចេង ព្រមទាំងសិស្សគុណឲ្យមកដល់ដែនដីនគរថាងវិញ។
ក្នុងជំនឿចិនផងដែរ អណ្តើកគឺជាសត្វពិសិដ្ឋមួយក្នុងចំណោមសត្វទាំង៤ គឺនាគ ហង្ស និងខ្លា។ អណ្តើកប្រៀបបានជាអ្នកថែរក្សានៅទិសខាងជើងដែលនៅលើគេក្នុងប្រព័ន្ធត្រីវិស័យ ហើយត្រូវបានគេប្រសិទ្ធនាមថាអ្នកចម្បាំងងងិត។ ដោយសារតែអាយុវែងយឺនយូររបស់អណ្តើក អណ្តើកជាតំណាងឲ្យភាពយូរអង្វែងអមតៈ ហើយគេតែឆ្លាក់រូបអណ្តើកសម្រាប់ដាក់ក្នុងផ្នូរនានារបស់មន្រ្តី រហូតដល់ស្តេចផែនដី។
ក្នុងហិណ្ឌូសាសនា
អណ្តើកក្នុងសាសនាហិណ្ឌូត្រូវបានគេស្គាល់យ៉ាងទូលំទូលាយក្នុងទេវកថាកូរមហាសមុទ្រទឹកដោះ។ នៅពេលដែលពួកទេវៈ និងអសុរៈព្រមព្រៀងគ្នាកូរសមុទ្រទឹកដោះដោយយកភ្នំមន្ទរៈជាស្នូល និងនាគវាសុគីជាខ្សែទាញកូរ ព្រោះវិស្ណុបានបែងអវតាររបស់ទ្រង់ជាអណ្តើកឈ្មោះគុម៌ហើយមុជទៅកល់ភ្នំមន្ទរៈដើម្បីកុំឲ្យស្រុត ឬធ្លាក់ចុះ។ (រឿងរ៉ាវកូរសមុទ្រទឹកដោះ និងអវតារទាំង១០របស់ព្រះវិស្ណុ ខ្ញុំបានសរសេររួចហើយកាលពីការផ្សាយមុនៗ)។
ក្នុងវប្បធម៌ ជំនឿ សិល្បៈរបស់ខ្មែរ
មិនត្រឹមតែមានវត្តមានរបស់អណ្តើកនៅក្នុងពុទ្ធសាសនា និងហិណ្ឌូសាសនាដែលជាសាសនាគោលធំៗរបស់ខ្មែរប៉ុណ្ណោះទេ នៅក្នុងជំនឿបែបជីវចលនិយមតាំងពីបុរេប្រវត្តិបុរាណកាលរបស់ខ្មែរមក អណ្តើកគឺជាសត្វដែលមានបុណ្យបារមីខ្ពស់ និងត្រូវបានគេគោរពសក្ការៈលើកតម្កើងស្មើនឹងអាទិទេព។ នៅខ្មែរយើងក៏មានផងដែរនូវអ្នកតាអណ្តើក។ ដោយសារអណ្តើកជាសត្វជើង៤ ហើយអាចរស់នៅបានទាំងក្នុងទឹក និងលើគោក គេចាត់ទុកថាជានិមិត្តរូបនៃភពផែនដី។ ជើងទាំង៤ តំណាងឲ្យធាតុទាំង៤របស់លោកធាតុ ស្នូកអណ្តើកប្រៀបបានដូចជាស្នូកសម្រាប់ទ្រសព្វជីវិតសត្វលោកទាំងឡាយនៅលើផែនដី។
ក្នុងជំនឿរំដោះគ្រោះ លើករាសីនានា ខ្មែរយើងតែងតែនិយមឲ្យយកសត្វអណ្តើកទៅលែងព្រោះថា អណ្តើកមិនត្រឹមនាំយកឧបទ្រពចង្រៃរបស់យើងទៅចោល និងកសាងបុណ្យកុសលរំដោះជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំឲ្យយើងមានអាយុវែងដូចជាអណ្តើក។
នៅក្នុងប្រពៃណីរបស់បងប្អូនឥស្លាម ក៏មានការដោះលែងអណ្តើកឲ្យចូលទៅតាមបឹងបួរ សមុទ្រវិញដែរបើសិនជាពួកគេចាប់បាន ព្រោះគេចាត់ទុកអណ្តើកជាសត្វរបស់ព្រះ។
នៅក្នុងការសាងសង់ផ្ទះខ្មែរនាសម័យបុរាណ គេតែងធ្វើយន្តអណ្តើកដែលជាយន្តមួយមានមុខងារជួយធានានិរន្តភាពរបស់ផ្ទះសំបែង។
លើសពីនេះទៅទៀត ក្នុងវិស័យសំណង់ស្ថាបត្យកម្មខែ្មរ អណ្តើកត្រូវបានគេកប់នៅគ្រប់ទិស។ អណ្តើកខ្លះធ្វើអំពីមាស សំណរ ឬខ្លះទៀតអំពីថ្ម ហើយមានបង្កប់យន្តគាថា ឬសន្លឹកមាសនៅក្នុងស្នូកអណ្តើក។
នៅក្នុងព្រះរាជាណាចក្រកម្ពុជាអណ្តើកគឺជាសត្វនិមិត្តរូបរបស់ជាតិ។
អណ្តើកនៅអក្សរសិល្ប៍
វត្តមានអណ្តើកក្នុងអក្សរសិល្ប៍ដែលមានប្រជាប្រិយជាងគេគឺក្នុងរឿងព្រេងខ្មែរ រឿងទន្សាយរត់ប្រណាំងនឹងអណ្តើក (រឿងនេះនរណាៗក៏ចេះចាំគ្រប់ៗគ្នា) រឿងប្រាជ្ញាអណ្តើក។ នៅក្នុងវណ្ណកម្មថ្មីៗឃើញមានដូចជារឿង និនចារអណ្តើក ជាដើម។
អណ្តើកក្នុងភូមិសាស្រ្តកម្ពុជា
អណ្តើកត្រូវបានប្រើប្រាស់ជាឈ្មោះទីតាំងភូមិសាស្រ្តនានាដូចជា៖ ភ្នំអណ្តើក ភ្នំថ្មអណ្តើក ឃុំអណ្តើកហែប ឃុំត្រពាំងអណ្តើក កអណ្តើក ។ល។