នៅតាមតំបន់កំសាន្តក្នុងប្រទេសថៃជាច្រើន លែងដំរីរាប់រយក្បាលឲ្យចូលក្នុងព្រៃវិញ ក្រោយវិស័យទេសចរណ៍ធ្លាក់ចុះ ដោយសារកូវីដ-១៩
ថៃ៖ យោងតាមរបាយការណ៍របស់អង្គការការពារសត្វពិភពលោក (World Animal Protection) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏បានឲ្យដឹងថា មានសត្វដំរីនៅក្នុងប្រទេសថៃរាប់រយក្បាលត្រូវបានគេដោះលែងឲ្យត្រលប់ទៅរស់នៅក្នុងព្រៃតាមបែបធម្មជាតិវិញ បន្ទាប់ពីម្ចាស់គ្មានលទ្ធភាពរកអាហារឲ្យដំរីទាំងនោះស៊ីប្រចាំថ្ងៃឡើយ ព្រោះតែវិបត្តិជំងឺកូវីដ ១៩។ របាយការណ៍ដដែលនេះបានឲ្យដឹងថា កន្លងមកដំរីរាប់រយក្បាលនោះមានម្ចាស់ថែរក្សាផ្សេងៗគ្នា ហើយពួកវាត្រូវបានគេចិញ្ចឹមនិងមើលថែយ៉ាងយកចិត្តទុកដាក់នៅក្នុងឧទ្យានកំសាន្តជាច្រើននៅទូទាំងប្រទេសថៃ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាតំបន់ទេសចរណ៍ទាំងនោះ។
យ៉ាងណាក្តី វិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យវិស័យទេសចរណ៍ថៃត្រូវធ្លាក់ចុះយ៉ាងខ្លាំង ហើយឧទ្យានកំសាន្តក៏ត្រូវបានបិទទ្វារ ម្ចាស់ដំរីក៏ត្រូវបាត់បង់ចំណូល និងមិចអាចបន្តចិញ្ចឹមដំរីបានទៀតឡើង។ បើយោងតាមការសិក្សាមួយបានឲ្យដឹងថា ដំរីមួយក្បាលត្រូវការស៊ីស្មៅនិងបន្លែប្រមាណជា ៣០០ គីឡូក្រាមឯណោះក្នុងមួយថ្ងៃ។ មូលនិធិជួយសង្គ្រោះសត្វដំរី The Save Elephant Foundation បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះការដោះលែងសត្វដំរីដូចខាងលើនេះ និងបានអំពាវឲ្យម្ចាស់ដំរីផ្សេងទៀតដែលគ្មានលទ្ធភាពចិញ្ចឹមដំរីត្រូវប្រញាប់យកដំរីទៅលែងក្នុងព្រៃវិញឲ្យបានឆាប់រហ័សជាជាងទុកឲ្យពួកវាអត់អាហារស្លាប់៕