គីម ជុងអ៊ុន ផ្ញើសារជូនប្រធានាធិបតីរុស្ស៊ី ពូទីន ដើម្បីអបអរទិវាជ័យជំនះលើកទី៧៥
(ព្យុងយ៉ាង)៖ លោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានផ្ញើសារលិខិតជូនលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ ដើម្បីអបអរខួបជ័យជំនះលើទាហានណាហ្ស៊ីលើកទី៧៥ ក៏ដូចជាការបញ្ចប់សង្គ្រាមលោកលើកទី២ ដែលនេះបើយោងតាមការចេញផ្សាយដោយកាសែត CGTN។
សារលិខិតរបស់លោក គីម បានលើកឡើងថា «កាលពី៧៥ឆ្នាំមុន ប្រជាជនរុស្ស៊ី ដែលបានបង្ហាញនូវគំរូវីរភាព និងស្មារតីលះបង់ខ្ពស់ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់លើសង្គ្រាម ដែលបានបង្កការគំរាមកំហែងដល់ជោគវាសនារបស់មនុស្សជាតិ។ ការទទួលជ័យជំនះនេះ គឺដើម្បីការពារប្រទេស ការពារសន្ដិភាព និងការពារសន្ដិសុខសកល»។
លោក គីម បានគូសបញ្ជាក់ថា៖ «ទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៊ី ត្រូវបានរឹតបន្តឹងបន្ថែមទៀត ស្របតាមបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ដោយបានជំនះរាល់ឧបសគ្គ និងការលំបាកគ្រប់ប្រភេទ»។
លោក គីម ក៏បានជូនពរលោក ពូទីន និងប្រជាជនរបស់លោក ឱ្យទទួលបានជ័យជំនះដ៏ពិតប្រាកដក្នុងការតស៊ូ ដើម្បីកសាងប្រទេសរុស្ស៊ីដ៏មានឥទ្ធិពល និងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩៕