សាហាវព្រៃផ្សៃ!! កូនប្រុសបង្កើតយកម្តាយពិការខ្លួនទៅកប់ក្នុងផ្នូរទាំងរស់
ប្រទេសចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា កូនប្រុសម្នាក់ដែលមិនដឹងថាគួរនិយាយបែបណាឱ្យសមនោះ ត្រូវបានចាប់ខ្លួន បន្ទាប់ពីយកម្តាយខ្លួនដែលជាជនពិការ ទៅកប់ទាំងរស់នៅក្នុងផ្នូរទំនេរមួយកន្លែង។
បើតាមអ្នកយកព័ត៌មានចិនមួយរូប បានសួរព័ត៌មានពីប៉ូលិសនៅក្នុងស្រុក Jingbian នៃខេត្ត Shaanxi ហើយបានឱ្យដឹងថា កូនប្រុសម្នាក់នោះមានឈ្មោះ Ma បានទាញម្តាយអាយុ៧៩ឆ្នាំរបស់ខ្លួនចេញពីលើគ្រែ ហើយយករូបគាត់ទៅកប់ក្នុងផ្នូរទំនេរមួយកន្លែងនៅខ្ទង់ម៉ោង៨យប់ កាលពីថ្ងៃទី២ ខែឧសភា។
បន្ទាប់មកបុរសជាកូន ត្រូវបានគេប្រទះឃើញវិលត្រឡប់ទៅផ្ទះវិញនៅម៉ោង២យប់នាថ្ងៃដដែល ហើយសមាជិកគ្រួសារក៏បានសួរនាំ ព្រោះមិនឃើញលោកយាយអាយុ៧៩ឆ្នាំត្រឡប់មកវិញ។ បុរសឈ្មោះ Ma បានឆ្លើយថា គាត់បាននាំម្តាយរបស់គាត់ឡើងឡានក្រុងទៅទីក្រុង Qingyang ដើម្បីលេងសាច់ញាតិបាត់បង់ហើយ។
ដោយសារតែភាពសង្ស័យ ទើបក្រុមគ្រួសារ រួមទាំង Ma បានទៅជាមួយគ្នានៅចំណតឡានក្រុង ដើម្បីស៊ើបអង្កេត។ លុះដល់ម៉ោង៤ព្រឹក Ma បានបន្លំផ្តាច់ខ្លួនគេចេញពីក្រុមគ្រួសារដើម្បីគេចខ្លួន។ ហើយនៅព្រឹកថ្ងៃអង្គារ៍ ប៉ូលិសបានរកឃើញ Ma ។ នៅពេលសួរចម្លើយ ទើបរូបគាត់បានសារភាពថា បានរុញម្តាយរបស់ខ្លួនចូលទៅក្នុងផ្នូរទំនេរមួយកន្លែងក្បែរព្រៃ។
ពិតជាមិនគួរឱ្យជឿសោះថា ស្ត្រីចំណាស់រូបនេះ នៅតែមានជីវិត ពេលដែលប៉ូលិសរកឃើញរូបគាត់ឃើញ។ ហើយវីដេអូនេះបានបង្ហាញពីសកម្មភាពរបស់បុរស២នាក់ទាញលោកយាយចេញពីរណ្តៅដីនោះ បន្ទាប់ពីលឺសម្លេងខ្សាវៗចេញពីក្នុងដី។ ក្រោយលោកយាយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយលោកយាយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕ ដកស្រង់ចេញពីវេបសាយ ៖ shanghaiist