ធ្ងន់ករហើយ! អង់គ្លេសក្លាយជាប្រទេសនៅអឺរ៉ុបដំបូងគេ ដែលមានអ្នកស្លាប់ដោយសារកូវីដ១៩ ច្រើនជាង ៣០,០០០នាក់

អង់គ្លេសបានក្លាយជាប្រទេសដំបូងបង្អស់នៅក្នុងទ្វីបអឺរ៉ុប ដែលមានអ្នកស្លាប់ដោយសារវីរុស​ COVID-19 ច្រើនជាង ៣០,០០០ នាក់។ យោងតាមការចុះផ្សាយរបស់ BBC បាននិយាយថា ឥឡូវនេះអ្នកនៅអង់គ្លេសសរុបចំនួន ៣០,០៧៦ នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ កន្លែងថែទាំចាស់ជរា និងសហគមន៍ធំៗ បន្ទាប់ពីបានតេស្ដវិជ្ជមានជាមួយវីរុស និងហក់ឡើងចំនួន ៦៤៩នាក់ ពីថ្ងៃអង្គារ។ កាលពីថ្ងៃអង្គារនេះចំនួនអ្នកស្លាប់នៅអង់គ្លេសបានវ៉ាដាច់ចំនួនអ្នកស្លាប់អ៊ីតាលី ដែលធ្វើឱ្យប្រទេសនេះបានក្លាយជាប្រទេសមានការស្លាប់ខ្ពស់បំផុតនៅអឺរ៉ុប។ ចំនួនអ្នកស្លាប់សរុបចុងក្រោយនៅអ៊ីតាលីដែលបានកត់ត្រា មានចំនួន ២៩,៦៨៤ នាក់។

តួលេខនេះធ្វើឱ្យចក្រភពអង់គ្លេសមានអ្នកស្លាប់ដោយសារ COVID-19 ខ្ពស់ជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំនួនជាង ៧០,០០០នាក់។ ប្រទេសនីមួយៗមានរបបធ្វើតេស្តផ្សេងៗគ្នាផងដែរ ដោយប្រទេសអ៊ីតាលីមានការធ្វើតេស្តច្រើនជាងចក្រភពអង់គ្លេសរហូតមកដល់បច្ចុប្បន្ន។ អង់គ្លេសមិនមែនជាប្រទេសនៅអឺរ៉ុបដែលមានការឆ្លងច្រើនជាងគេនោះទេ ប៉ុន្តែយ៉ាងណាប្រទេសនេះបែរជាមានការស្លាប់ច្រើនជាងគេ ដែលធ្វើឱ្យអ្នកជំនាញណែនាំថាអង់គ្លេសគួរតែរៀនពីប្រទេសដទៃ ថាហេតុអ្វីបានជាខ្លួនមានការស្លាប់ច្រើនបែបនេះ។ រដ្ឋាភិបាលប្រទេសនេះក៏ទទួលការរិះគន់ផងដែរ ជុំវិញការអនុវត្តការរឹតត្បឹតយឺតយ៉ាវពេក។ ជម្រាបដែរថា ពេលនេះអង់គ្លេសមានករណីឆ្លងសរុបច្រើនជាង ២០០,០០០នាក់ ខណៈពិភពលោកទាំងមូលមានករណីច្រើនជាង ៣.៨លាននាក់៕

ប្រភព៖ BCC

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds