ម៉ាឡេស៊ីនឹងអនុញ្ញាតឲ្យកន្លែងធ្វើអាជីវកម្ម និងឧស្សាហកម្មភាគច្រើនបើកដំណើរជាធម្មតានៅថ្ងៃទី ៤ ឧសភា នេះ
(ម៉ាឡេស៊ី)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin បានឲ្យដឹងថា នៅក្នុងថ្ងៃទី៤ ខែឧសភា នេះ អាជ្ញាធរម៉ាឡេស៊ីនឹងអនុញ្ញាតឲ្យកន្លែងធ្វើអាជីវកម្ម និងឧស្សាហកម្មភាគច្រើនបើកដំណើរជាធម្មតាវិញហើយ ក្រោយការបិទទ្វារមួយរយៈ ព្រោះតែវិបត្តិនៃមេរោគកូវីដ ១៩។ សេចក្តីជូនដំណឹងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោក Muhyiddin អញ្ជើញទៅចូលរួមក្នុងសន្និសិទ្ធមួយដែលបានរៀបចំឡើងសម្រាប់ទិវាពលកម្មអន្តរជាតិ ១ ឧសភា។ យ៉ាងណាក្តី លោក Muhyiddin បានបញ្ជាក់ថា កន្លែងធ្វើអាជីវកម្ម និងឧស្សាហកម្ម ដែលត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យបើកដំណើរការទាំងអស់នោះ ត្រូវតែបន្តអនុវត្តវិធានការអនាម័យមួយចំនួនតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលផងដែរ។
លោក Muhyiddin ក៏បានបញ្ជាក់បន្ថែមផងដែរថា ការជួបជុំទ្រង់ទ្រាយធំ កន្លែងកំសាន្តមួយចំនួនដូចជារោងកុន ខារ៉ាអូខេ ឧទ្យានកំសាន្ត កន្លែងរាំ ការតាំងពិព័រណ៍ ការក្រកួតកីឡាបាល់ទាត់ឬកីឡាផ្សេងទៀតដែលមានអ្នកចូលមើលច្រើន និងការជួបជុំបែបសាសនានៅមិនទាន់អនុញ្ញាតឲ្បបើកដំណើរការនៅឡើយទេ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៦ ០០២ ករណី ស្លាប់ ១០២ ករណី និងជាសះស្បើយចំនួន ៤ ១៧១ ករណីផងដែរ៕