ប្រជាពលរដ្ឋចំនួនពីរភូមិ ក្នុងឃុំសាលាក្រៅ ទទួលបានរទេះអូសធុងទឹក ពីគណបក្សប្រជាជនកម្ពុជាខេត្ត ខណៈតំបន់ ដែលខ្លូនរស់នៅ មានប្រភពទឹកនៅឆ្ងាយ
(ប៉ៃលិន)៖ ប្រជាពលរដ្ឋរស់នៅភូមិស្រែអន្ទាក់ និងភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ចំនួន៥០គ្រួសារ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ បានទទួលអំណោយរទេះអូសធុងទឹក ចំនួន៥ ពីក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បន្ទាប់ពីគ្រោះរាំងស្ងួតបានអូសបន្លាយរយៈពេលយូរ នៅតំបន់មួយចំនួននៃខេត្តប៉ៃលិន បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ខ្វះខាតនូវឧបករណ៍សម្រាប់អូសទឹក យកមកប្រើប្រាស់ប្រចាំថ្ងៃ ។ ការប្រគល់រទេះអូសធុងទឹកនេះ ស្ថិតក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាគណបក្សខេត្ត ប្រធានក្រុមការងារ ចុះជួយ តាមមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
បើតាមលោក សំ សារ៉េត ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកសាលាក្រៅ បានឲ្យដឹងថា៖ រទេះអូសធុងទឹក ដែលចែកជូនពលរដ្ឋ នាពេលនេះមានចំនួន៥រទេះ ក្នុងនោះមានប្រជាពលរដ្ឋចំនួនពីរភូមិស្មើរ៥០គ្រួសារ ដែលទទួលបានគឺភូមិស្រែអន្ទាក់ និងកោះកែវ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអំណោយរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយមូលដ្ឋានឃុំសាលាក្រៅផងដែរ។
មានប្រសាសន៍ក្នុងពិធីនោះដែរលោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានលើកឡើងថា៖ ការជួយគ្នាក្នុងគ្រាលំបាក គឺជាវប្បធម៌ របស់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ សែន បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម ។
លើសពីនេះ ក៍បានខិតខំប្រឹងប្រែងដោះស្រាយ នូវរាល់ការលំបាក និងសំណូមពរ របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយមិនបណ្តោយ អោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ជាពិសេសគណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជន និងរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់ពេលវេលា។លោកប្រធានគណបក្សខេត្ត បន្តថា៖ ការចែកជូនរទេះអូសធុងទឹក នាពេលនេះ សូមឲ្យបងប្អូន យកទៅប្រើប្រាស់ឲ្យបានយូរអង្វែង និងមិនត្រូវច្រណែនគ្នា ព្រោះតែការអូសទឹកមកប្រើប្រាស់ មានការយឺតយ៉ាវដែរ។
ជាមួយគ្នានេះលោកប្រធាន ក៍បញ្ជាក់ដែរថា៖ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាបទបញ្ជាក្រសួងមហាផ្ទៃ បានឲ្យសមត្ថកិច្ចចរាចរណ៍គ្រប់ខេត្ត/ក្រុង ទូទាំងប្រទស ចុះអនុវត្តន៍ អនុក្រិត្យថ្មី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលយុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ប្រព្រឹត្តទៅដូចភ្លៀងរលឹម ដោយនគរបាលចរាចរណ៍ ត្រូវឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួកសុវត្ថិភាព បើកលើសល្បឿន ដែលបានកំណត់ ដូច្នេះអ្នកបញ្ជាយានយន្តគ្រប់ប្រភេទ ត្រូវប្រកាន់ភ្ជាប់ នូវការគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ហើយករណីគ្រោះថ្នាក់ចរាចរណ៍ វាមិនសំដៅទៅលើអ្នកធំ ឬអ្នកតូចនោះទេ ប្រសិនជាមានករណីនេះកើងឡើង គឺគ្រោះថ្នាក់ទាំងអស់គ្នា ដូច្នោះសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕