ក្រសួងបរិស្ថាន ៖ ចរិតក្រអឺតក្រទម និងការប្រើប្រាស់ពាក្យសម្តីប្រមាថ មួលបង្កាច់ ចោទប្រកាន់ ដោយគ្មានមូលដ្ឋានភស្តុតាងច្បាស់លាស់ របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោកដឹកនាំដោយ លោក William Guangមិនសាកសមជាអ្នកមានសមត្ថកិច្ច និងជាដៃគូរាជរដ្ឋាភិបាល ចុះបំពេញបេសកកម្មនោះទេ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បង្ហាញពីការសោកស្តាយ ចំពោះទង្វើគ្មានការទទួលខុសត្រូវ និងភាពមិនយល់ដឹងអំពីរបៀបរបប និងនីតិវិធីនៃការបំពេញការងារ នៅក្នុងក្របខណ្ឌនៃការងាររដ្ឋបាលសាធារណៈ របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក ដឹកនាំដោយ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង (William Guang) សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំឡុងពេលចុះបំពេញបេសកកម្ម នៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។
ក្រសួងបរិស្ថានបានលើកឡើងថា ចរិតក្រអឺតក្រទម និងការប្រើប្រាស់ពាក្យសម្តីប្រមាថ មួលបង្កាច់ ចោទប្រកាន់ ដោយគ្មានមូលដ្ឋានភស្តុតាងច្បាស់លាស់ របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក មកលើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ច គឺមិនសាកសមជាអ្នកមានសមត្ថកិច្ច និងជាដៃគូរាជរដ្ឋាភិបាល ចុះបំពេញបេសកកម្មនោះទេ។
ក្រសួងបរិស្ថានសង្កត់ធ្ងន់ថា ចំពោះមុខនៃការប្រមាថ និងការចោទប្រកាន់ដោយគ្មានភស្តុតាងរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ក្រសួងបរិស្ថាន សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ បានជ្រាបថា៖
១៖ ក្រសួងបរិស្ថានបើកចំហរ និងតែងតែផ្តល់កិច្ចសហការ ដល់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជានិច្ច ប៉ុន្តែស្នើសុំឱ្យប្រធានប្រតិភូគណបក្សខ្មែរក្រោក ស្វែងយល់អំពីបែបបទការងាររដ្ឋបាលសាធារណៈ និងនីតិវិធីច្បាប់ក្នុងការចុះបំពេញការងារ ដោយគួរជូនដំណឹង និងស្នើសុំកិច្ចសហការពីក្រសួងបរិស្ថាន ដែលជាស្ថាប័នជំនាញមានសមត្ថកិច្ច គ្រប់គ្រងលើឧទ្យានជាតិព្រះសីហនុ (រាម)។ ការដែលប្រធានគណបក្សនយោបាយមួយ ចុះបំពេញការងារដោយមិនដឹងទិសតំបន់បែបនេះ មិនបាននាំមកនូវផលប្រយោជន៍ដល់សង្គមជាតិឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺបង្កើតនូវភាពអនាធិបតេយ្យ និងជាការលើកទឹកចិត្តដល់ជនល្មើសរុករានទន្ទ្រានកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ទៅវិញទេ។
២៖ ប្រធានប្រតិភូគណបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានផ្សាយព័ត៌មានមិនពិត នៅលើទំព័រទំនាក់ទំនងសង្គមរបស់ខ្លួន ដោយបានប្រមាថ មួលបង្កាច់ ចោទប្រកាន់អាជ្ញាធរថា «បានប្រើប្រាស់អំពើហិង្សា បង្ខាំងពលរដ្ឋពីចន្លោះ ៣០ ទៅ៥០នាក់ ជាពិសេសករណីនេះ ធ្លាប់មានពលរដ្ឋស្លាប់ដោយការបង្ខាំងនេះទៀតផង»។ ក្នុងនាមប្រធានគណបក្សនយោបាយមួយ លោក គួរប្រុងប្រយ័ត្ន និងពិចារណាឱ្យបានល្អិតល្អន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ហើយត្រូវជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតរបៀបនេះ ដែលអាចបង្ករផលវិបាកដល់សង្គម។ ក្រសួងបរិស្ថាន សូមបញ្ជាក់ថា គ្មានការប្រើប្រាស់ហិង្សា និងបង្ខាំងពលរដ្ឋដូចការលើកឡើងនោះឡើយ។
៣៖ ពលរដ្ឋដែលមកតវ៉ា ហើយដែលលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ចាត់ទុកជាជនរងគ្រោះនោះ គឺតាមពិតពួកគាត់ជាក្រុមជនទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ ដែលដីនៅតំបន់នោះ ត្រូវបានចុះបញ្ជីដីរដ្ឋរួចហើយ។ កាលឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ បានបង្កើតក្រុមការងារចម្រុះ ចុះវាស់វែង និងកំណត់អត្តសញ្ញាណក្បាលដី របស់ប្រជាពលរដ្ឋ ដែលបាននឹងកំពុងរស់នៅ និងអាស្រ័យផលលើដី ដែលមានផលប៉ះពាល់ក្នុងតំបន់វិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន អេវើហ្គ្រីន និងក្រុមហ៊ុន យិៈ ចៀ។ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២១៧ អនក្រ.បក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ដីពីការកំណត់ជាតំបន់សហគមន៍ នៃឧទ្យានជាតិព្រះសីហនុរាម លើផ្ទៃដីទំហំ ៦៦៧.៩៦ ហិកតា ស្ថិតក្នុងភូមិសាស្រ្តឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចរាល់ហើយ។ ដោយឡែក ការចូលមកទន្រ្ទានកាន់កាប់ដីព្រៃ ក្នុងឧទ្យានជាតិព្រះសីហនុ (រាម) ពីសំណាក់ក្រុមអនាធិបតេយ្យ គឺបានចូលមកនៅខែតុលា ឆ្នាំ២០១៨ ដោយក្រុមទាំងនោះបានបែងចែក ជាតំបន់សម្រាប់ពួកគេទន្រ្ទានមានដូចជា៖ ចំណុចខាងលិចក្បាលព្រែកកោះខ្យង និងចំណុចតាបិន ហើយទីតាំងដែលក្រុមប្រជាពលរដ្ឋទាំងនេះ ចូលទន្រ្ទានកាន់កាប់នោះ ពុំស្ថិតក្នុងអនុក្រឹត្យលេខ ២១៧ អនក្រ.បក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ដីពីការកំណត់ជាតំបន់សហគមន៍ នៃឧទ្យានជាតិព្រះសីហនុ (រាម)ទេ។
៤៖ ដោយពិនិត្យឃើញមានចលនា ចូលទន្រ្ទានកាន់កាប់ដីព្រៃរបស់ឧទ្យានជាតិព្រះសីហនុ (រាម) កាន់តែច្រើនឡើងៗ ការិយាល័យឧទ្យានជាតិព្រះសីហនុ (រាម) ក៏ដូចជាមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានធ្វើសំណើតាមរយៈលិខិតលេខ ១៥៤/១៩ ឧពន.ខសន.បស្ថ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ស្ដីពីសំណើសុំកម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដើម្បីចុះទប់ស្កាត់ និងរុះរើខ្ទមអនាធិបតេយ្យ នៅចំណុចខាងលិចក្បាលព្រែកកោះខ្យង និងចំណុចតាបិន ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅក្នុងតំបន់វិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន អេវើហ្គ្រីន នៃឧទ្យានជាតិព្រះសីហនុរាម។ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ដោយពិនិត្យឃើញមានប្រជាពលរដ្ឋ បានមកប្រមូលផ្ដុំគ្នាប្រមាណជា ២០-៣០នាក់ នៅចំណុចវាលចន្ទី ក្នុងតំបន់វិនិយោគអភិវឌ្ឍន៍ក្រុមហ៊ុន យិៈ ចៀ (ក្បែរព្រំប្រទល់តំបន់វិនិយោគ អភិវឌ្ឍន៍ក្រុមហ៊ុន អេវើហ្រ្គីន) មន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព ស្រុកព្រៃនប់ ដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលសាលាស្រុក បានចុះធ្វើការអប់រំណែនាំពួកគាត់ កុំឱ្យមានការប្រមូលផ្តុំគ្នា។ ក្នុងពេលនោះក្រុមការងារ ក៏បានពិនិត្យឃើញថា មានប្រជាពលរដ្ឋ ៣ នាក់ មានការជាប់ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីធ្លី នៅលើទីតាំងដែលក្រុមការងារធ្លាប់ បានចុះបង្រ្កាបទប់ស្កាត់កន្លងមក ហើយបានធ្វើការអញ្ជើញពលរដ្ឋទាំង ៣នាក់ (ប្រុស ១នាក់ និងស្រី ២នាក់) មកសាកសួរតាមនីតិវិធី។
៥៖ សកម្មភាពដែលប្រតិភូគណបក្សខ្មែរក្រោក ដឹកនាំដោយលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានធ្វើនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) បានបង្ហាញយ៉ាងច្បាស់ថា ប្រតិភូគណបក្សនេះគ្មានបំណងពិតប្រាកដ ក្នុងការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ចនោះទេ ប៉ុន្តែប្រតិភូគណបក្សនេះ មានបំណងអុជអាល ប្រឆាំងនឹងមន្ត្រីអនុវត្តច្បាប់ និងព្យាយាមការពារជនល្មើស ដោយយកប្រជាពលរដ្ឋជាខែល។ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង គួរទទួលខុសត្រូវលើការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើទំព័រទំនាក់ទំនងសង្គមរបស់ខ្លួន ដែលបង្កឱ្យមានការប៉ះពាល់ដល់សង្គម និងការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈការដុតកំហឹងប្រជាពលរដ្ឋ និងចលនាឱ្យមានការស្អប់កម្លាំងសមត្ថកិច្ច។
ជាមួយគ្នានេះ ក្រសួងបរិស្ថានសង្ឃឹមថា ប្រតិភូគណបក្សខ្មែរក្រោក និងជាពិសេស លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង នឹងមានភាពចាស់ទុំ និងមានការយល់ដឹងអំពីបែបបទនិងនីតិវិធីច្បាប់ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន៕