កាសែតកូរ៉េខាងជើងចេញផ្សាយរូបភាពជាច្រើនសន្លឹករបស់ លោក គីម ជុងអ៊ុន ឲ្យពិភពលោកអស់ចម្ងល់
(ព្យុងយ៉ាង)៖ កាសែតផ្លូវការរបស់កូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ បានចេញផ្សាយនូវរូបថតសកម្មភាព នៃមេដឹកនាំកំពូលរបស់ខ្លួនគឺលោក គីម ជុងអ៊ុន ក្នុងចំនួនរាប់សិបសន្លឹកឯណោះ បន្ទាប់ពីមេដឹកនាំវ័យ ៣៦ឆ្នាំរូបនេះ បានបាត់មុខអស់រយៈពេលប្រមាណ ២០ថ្ងៃកន្លងមកនេះ ដែលបង្កបានជាពាក្យចចាមអារ៉ាមជាច្រើនជុំវិញអាយុជីវិត និងសុខភាពរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។
រូបថតខាងលើនេះ ត្រូវបានចេញផ្សាយដោយកាសែត រ៉ូដុង ស៊ីនម៉ាន់ (Rodong Sinmun) ដែលជាកាសែតផ្លូវការមួយ បម្រើការឲ្យគណៈកម្មាធិការមជ្ឈិម នៃគណបក្សពលករកូរ៉េខាជើង។ រូបភាពទាំងនេះបានចុះផ្សាយនៅថ្ងៃទី០១ ខែឧសភា ជាថ្ងៃដែលលោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង បន្ទាប់ពីមេដឹកនាំរូបនេះបានអវត្តមាន នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ទំព័រមុខទាំងមូលនៃកាសែតផ្លូវការរបស់កូរ៉េខាងជើងមួយនេះ ព្រមទាំងទំព័របន្ទាប់ផងដែរនោះ គឺបានរំលេចចេញនូវរូបថតព្រីនពណ៌ យ៉ាងស្រស់ស្អាតរាប់សិបសន្លឹករបស់លោក គីម ដែលកំពុងឈកាត់ខ្សែបូរសម្ពោធរោងចក្រផលិតជីមួយកន្លែង នៃក្រុមហ៊ុន សូជុន (Sunchon Phosphatic Fertilizer) ស្ថិតនៅភាគខាងជើងទីក្រុងព្យុងយ៉ាង ខណៈប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធីនោះ បានទះដៃអបអរសាទរយ៉ាងកងរំពង ដើម្បីស្វាគមន៍មេដឹកនាំរបស់ខ្លួន។
រូបថតមួយសន្លឹកដ៏ធំរបស់លោក គីម ដែលពោពេញដោយស្នាមញញឹម និងមើលទៅមានសុខភាពល្អផងដែរនោះ ត្រូវបានដាក់នៅចំកណ្តាលទំព័រមុខ ដោយមានរូបថតចំនួន ០៨សន្លឹកផ្សេងទៀត ដែលបង្ហាញពីសកម្មភាពចូលរួមពិធីសម្ពោធ រោងចក្រខាងលើត្រូវដាក់នៅពីក្រោម។ បន្ថែមពីនេះនៅទំព័រ ទី២ បាននិយាយរៀបរាប់បន្តសាច់រឿង ដោយអមជាមួយនឹងរូបថតជាច្រើនទៀងផង។
ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូចុង (Kim Yo Jong) ក៏ដូចជាមន្ត្រីជាន់ខ្ពស់ដ៏ទៃទៀតរួមមានដូចជា លោក ប៉ាក ផុងជូ (Pak Pong Ju) ដែលជាសមាជិកគណៈប្រធានការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េក៏មានវត្តមាននៅក្នុងពិធីនោះដែរ៕