លោក ពេជ្រ ស្រស់ បញ្ចេញមតិទាក់ទិនទៅនឹងចំណាត់ការចំពោះជនត្រូវចោទ កញ្ញា យិន ម៉ាណា និងលោក គិត ធាង

ថ្ងៃទី១០​ ខែមេសា ឆ្នាំ២០១៩ ម៉ោង 06:55 PM

(ភ្នំពេញ)៖ នៅមុននេះបន្តិច លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា លោក​បានធ្វើការបញ្ចេញមតិទាក់ទងទៅនឹងចំណាត់ការ ក៏ដូចជាការអនុវត្តនូវច្បាប់ចំពោះ ជនត្រូវចោទ០២រូប គឺ ទី១៖ យិន ម៉ាណា ភេទ ស្រី ដែលបានបើករថយន្តបុកស្លាប់និស្សិតស្រី ឈ្មោះ ឌុំ រីដា កាលពីពេលថ្មីៗកន្លងទៅនេះ។ ទី២៖ លោក គិត ធាង ម្ចាស់ក្លឹបកម្សាន្ត Rock ដែលសមត្ថកិច្ចបានចុះបង្រ្កាប និងធ្វើការបិទឈប់ឲ្យដំណើរការដោយសារមានការប្រើប្រាស់គ្រឿងញៀន កាលពីពេលកន្លងទៅដែរ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

ដោយ លោក ពេជ្រ ស្រស់ បានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ថា៖ “ ការពិតរឿងទាំង២នាក់នេះត្រូវបានតុលាការកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ហើយ ប៉ុន្តែស្របពេលនេះជនត្រូវចោទទាំង២នាក់ដូចជាត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការថែទាំខុសពីជនត្រូវចោទដទៃទៀត ខ្ញុំបានដឹងដែរអំពីផ្លូវច្បាប់ចំពោះបញ្ជូនជនត្រូវចោទទៅមន្ទីរពេទ្យនៅពេលមានជម្ងឺប៉ុន្តែជនត្រូវចោទទាំង២នាក់នេះហាក់បីដូចជាមានជម្ងឺស្របពេលពេកហើយនៅពេលដែលខ្លួនត្រូវបានច្បាប់បញ្ជាឲ្យឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារ។ សួរថាតើតម្លាភាពនៅឯណា ? ម្យ៉ាងវិញទៀត តើជម្ងឺអ្នកទាំង២នេះដាច់ខាតត្រូវតែបញ្ជូនមកមន្ទីរពេទ្យមែនដែរឬទេ?តើជម្ងឺអ្នកទាំង២នេះធ្ងន់ដល់កម្រិតណា ទើបបានជាត្រូវបញ្ជូនមកមន្ទីរពេទ្យយ៉ាងតក់ក្រហល់យ៉ាងដូច្នេះ ? តើខាងមន្ទីរពេទ្យអាចជួយបង្ហាញនូវសំបុត្រពេទ្យបញ្ជាក់ពីប្រភេទជម្ងឺអ្នកទាំងពីរនាក់នេះបានដែរទេដើម្បីវិភាគជម្ងឺជនត្រូវជនទាំង២នាក់នេះគួរបញ្ជូនមកមន្ទីរដែរទេឬក៏ជនត្រូវចោទទាំងពីរនាក់នេះមានជម្ងឺស្អុះស្អាប់មិនចេះគេងក្នុងពន្ធនាគារ ទើបស្នើសុំមកសម្រាកក្នុងមន្ទីរពេទ្យតែម្តងទៅ បើដូច្នេះមែននោះ គឺ ថាពន្ធនាគារនៅស្រុកខ្មែរ នឹង មិនស្គាល់រសជាតិជនត្រូវចោទអ្នកមានលុយនិងទ្រព្យស្តុកស្តម្ភនោះទេ។ត្រង់ចំណុចនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនធំគឺមិនមានភាពកក់ក្តៅជាមួយការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា។”

កញ្ញា យិន ម៉ាណា

លោក គិត ធាង

អត្ថបទ៖ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds