លោក គីម ជុងអ៊ុន បានបង្ហាញមុខជាសាធារណៈវិញលើកដំបូង ក្រោយលាក់ខ្លួន ២០ថ្ងៃ
(កូរ៉េខាងជើង)៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែមេសានេះ ថាលោកគីម ជុងអ៊ុន បានបង្ហាញខ្លួននៅក្នុងពិធីអបអរសាទរទិវាពលកម្ម១ឧសភា ដែលត្រូវបានចាត់ទុកជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកក្នុងរយៈពេលប្រហែលបីសប្តាហ៍កន្លងមកនេះ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បានរាយការណ៍ថា “មេដឹកនាំកំពូលគីមជុងអ៊ុនបានកាត់ខ្សែបូរសម្រាប់សម្ពោធរោងចក្រជី Sunchon Phosphatic” ដោយលោកត្រូវបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើននាក់រួមទាំងប្អូនស្រីរបស់លោក អ្នកនាង គីម យ៉ូជុង ផងដែរ។
យ៉ាងណាមិញ មូលហេតុនៃការបាត់មុខរបស់លោកជាង ២០ថ្ងៃ និងស្ថានភាពសុខភាពរបស់លោកគឺមិនត្រូវបានរាយការណ៍នោះទេ។
គួររំឭកថា សំណួរជាច្រើនត្រូវបានគេលើកឡើងអំពីសុខភាពរបស់លោកគីមបន្ទាប់ពីលោកបានអវត្តមានក្នុងប្រារព្ធពិធីខួបអនុស្សាវរីយ៍ជីតារបស់លោកកាលពីថ្ងៃទី ១៥ ខែមេសា។ លោកមិនបានបង្ហាញខ្លួនជាសាធារណៈទេចាប់តាំងពីបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនយោបាយគណបក្សពលករកាលពីថ្ងៃទី ១១ ខែមេសា បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ។
នៅពេលត្រូវបានសួរអំពីការលេចមុខជាថ្មីរបស់លោកគីមក្រោយមានសេចក្ដីរាយការណ៍ចុងក្រោយនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានថាលោកមិនទាន់ចង់ធ្វើអត្ថាធិប្បាយអំពីបញ្ហានេះនៅឡើយទេ ៕